(កណ្ដាល)៖ លោក ថៃ ថេង ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួនមនុស្ស១១នាក់ ដែលបើកឆាកវាយប្រហារកាប់ចាក់គ្នាផ្អើលពេញភូមិនៅស្រុកអង្គស្នួល ដាក់ពន្ធនាគារហើយ ក្រោយពួកគេត្រូវបានលោកស្រី ស៊ូ សុជាតា តំណាងអយ្យការ ចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្ត និងលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។
យោងតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាបទល្មើស «អំពើហិង្សា» មាត្រា២១៨ ស្ថានទម្ងន់ទោសចែងថា៖ អំពើហិង្សាដោយចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី ២ ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ៤លានរៀល ទៅ១០លានរៀល។ កាលបើអំពើហិង្សានេះបានប្រព្រឹត្ត៖
*ទី១៖ ដោយមានការគិតទុកជាមុន
*ទី២៖ ដោយប្រើអាវុធ ឬការគំរាមកំហែងដោយអាវុធ
*ទី៣៖ ដោយមានមនុស្សជាច្រើនអ្នកក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត។
តាមដំណើររឿង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ មានជនសង្ស័យមួយក្រុម បានផឹកស៊ីចម្ងាយពីកន្លែងកើតហេតុប្រវែង ១៥០ម៉ែត្រ ក៏មានក្រុមជនសង្ស័យមួយក្រុមទៀតកំពុងផឹកស៊ីដែរ។
លុះមកដល់ម៉ោង ២២៖៦នាទី ក៏មានឈ្មោះ ហុង រ៉ា បានមកប្រាប់ឈ្មោះ យន់ សុវង្ស ថា ឃើញភាគីក្រុមទី២ បានយកដុំថ្មគប់ទៅលើភ្ញៀវដែលចេញក្នុងកម្មវិធីខួបកំណើត ឮដូចនេះក្រុមជនសង្ស័យទី១ទាំងអស់ ក៏បានដើរទៅកន្លែងកើតហេតុ ដោយអ្នកខ្លះមានកាន់ដំបង និងខ្លះទៀតកាន់ខ្សែក្រវាត់។
នៅពេលដែលក្រុមជនសង្ស័យទី១ ទៅដល់កន្លែងកើតហេតុ ដោយមានភាពស្រវឹងរៀងៗខ្លួន ក្រុមជនសង្ស័យទាំងពីរ បានឈ្លោះប្រកែកទាស់ពាក្យសម្តីគ្នាទៅវិញទៅមក បង្កឱ្យមានការវាយប្រតាយ ប្រតប់ដាក់ទៅវិញទៅមក ដោយខ្លះវាយដំបង ខ្លះវាយគ្នានឹងខ្សែក្រវាត់ និងកាំបិតផ្កាក់ (ឈ្មោះ ទិត សុវណ្ណ ជាអ្នកកាន់កាំបិត ឈោ្មះ ហុង រាំ ជាអ្នកកាន់ខ្សែក្រវាត់ ឈ្មោះ ឌឹម សារិន និងឈ្មោះ ហេង វណ្ណៈ ជាអ្នកកាន់ដំបង) បណ្តាលឱ្យឈ្មោះ ទិត សុវណ្ណ រងរបួសក្បាល ឈ្មោះ មៀច លី រងរបួសក្បាលក ដៃស្ដាំ ទ្រូង និងជាំស្មាខាងក្រោយ ឈ្មោះ មៀច ឡេង រងរបួសកដៃខាងឆ្វេង ឈ្មោះ នៅ យ៉ុង រង របួសខ្នង និងជើង ឈោ្មះ យន សុវណ្ណ រងរបួសក្បាល ដៃ និងខ្នង ឈ្មោះ យន់ សុវង្ស រងរបួសក្បាល ដៃ និងជើង។
នៅពេលនោះ ឈ្មោះ រស់ ធារ៉ាត់ បានចូលជួយហាមឃាត់ក៏ត្រូវឈ្មោះ ហុង រ៉ វាយ មួយខ្សែក្រវាត់ បណ្ដាលឱ្យបែកសៀតផ្កាខាងឆ្វេង ជាដៃ និងពកក្បាលខាងក្រោយ ចំណែកឈ្មោះ នៅ យ៉ុង បានចូលទៅហាមឃាត់កូនឈ្មោះ យន់ សុវណ្ណ និងឈ្មោះ យន់ សុវង្ស ក៏ត្រូវក្រុមជនសង្ស័យទី២ វាយបណ្តាលឱ្យចង្កេះខាងក្រោយជាំ។
បន្ទាប់មកក៏មានសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទាំងពីរ មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។
ក្រោយការសាកសួរ សមត្ថកិច្ចក៏បានកសាងសំណុំរឿង និងបញ្ជូនឈ្មោះ ហេង វណ្ណៈ ឈ្មោះ យន សុវណ្ណ ឈ្មោះ យន់ សុវង្ស ឈ្មោះ ឌឹម សារ៉ន ឈ្មោះ ហុង រ៉ា ឈ្មោះ ស្រី គឹមសាន ឈ្មោះ មៀច ឡេង ឈ្មោះ មៀច លី ឈ្មោះ ទិត វណ្ណថា និងឈ្មោះ រស់ រាជ មកអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង៕