(កំពង់ធំ)៖ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញផ្សព្វផ្សាយអនុក្រឹត្យលេខ ២៨ អនក្រ.បក ស្តីពីការកែសម្រួលផ្ទៃដីចេញពីតំបន់៣ បញ្ចូលមកតំបន់២ ក្នុងភូមិសាស្ដ្រ ស្រុកស្ទោង ដែលបានរៀបចំទីតាំងតំបន់ ភ្នំជីមូស ឃុំចំណារក្រោម ស្រុកស្ទោង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
លោក ព្រឹម រដ្ឋា បានលើកឡើងថា ដោយមានការស្នើសុំរបស់រដ្ឋបាលខេត្តតាមរយៈបណ្ឌិត ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ធំ សុំកាត់ឆ្វៀលដីតំបន់៣ មកតំបន់២, រាជរដ្ឋាភិបាលបានកែសម្រួលផ្ទៃដីទំហំ ២៧ ៧៧៤ ហិកតា ៧០ អា រួមបញ្ចូលទាំងផ្ទៃអាងភ្លេចទឹកសរុបទំហំ ២ ៥៤២ ហិកតា ០៨ អា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់ទន្លេសាប ក្នុងនោះស្រុកស្ទោង ទំហំ ៣ ១៦៥ ហិកតា ៤០អា រួមបញ្ចូលទាំងផ្ទៃអាងភ្លេចទឹក ទំហំ ៨២៩ ហិកតា ១១អា។
លោកបន្តថា ការប្រកាសបើកតំបន់វិនិច្ឆ័យធ្វើការចុះបញ្ជី និងការផ្តល់បណ្ណសម្គាល់សិទ្ធប្រើប្រាស់ និងអាស្រ័យផលលើដីរដ្ឋក្នុងតំបន់២ ជូនប្រជាពលរដ្ឋដែលបានធ្វើស្រែចំការ និងបង្កបង្កើនផលជាយូរមកហើយ ជាលក្ខណៈគ្រួសារ ឬសហគមន៍ដែលមានការដឹងឮ និងទទួលស្គាល់ច្បាស់លាស់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដូចនេះបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី ត្រូវត្រៀមលក្ខណៈមួយចំនួនដូចខាងក្រោម៖
*ទី១៖ ត្រូវថតចំឡងអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្យកំណើត ឬសំបុត្យអាពាហ៍ពិពាហ៍
*ទី២៖ ត្រូវត្រៀមបង្គោលព្រំ និងត្រូវបោះបង្គោលព្រំលើទីតាំងដីដែលខ្លួនធ្លាប់បានអាស្រ័យផល
*ទី៣៖ ត្រៀមចូលរួមវាស់វែង និងចូលរួមធ្វើការវិនិច្ឆ័យកំណត់អត្តសញ្ញាណម្ចាស់ដី
*ទី៤៖ ត្រូវកំណត់ចូលរួមផ្តិតមេដៃអ្នកជាប់ព្រំ ជាពិសេសចៀសវាងមានទំនាស់ ប្រសិនបើមានទំនាស់ត្រូវសម្របសម្រួលឲ្យបានរួចរាល់ដើម្បីងាយស្រួលក្រុមការងារធ្វើការបានឆាប់រហ័ស បើពុំដូច្នោះទេដីដែលមានទំនាស់ត្រូវទុកដោះស្រាយឲ្យរួចរាល់សិន។
លោកបន្តថា «ក្រោយពីការកាត់ឆ្វៀលរួច ប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផលដោយស្របច្បាប់តែមិនមានសិទ្ធិទិញ លក់ រឺយកបញ្ចាំនោះទេ ហើយចំពោះអ្នកដែលមានព្រំដីជាប់ជាមួយដីរបស់រដ្ឋ ត្រូវរួមគ្នាដាំដើមឈើឡើងវិញ ហាមពង្រីកបន្ថែមដាច់ខាត និងចូលរួមការពារមិនឲ្យអ្នកណាផ្សេងមកអាស្រ័យផលឡើយ ប្រសិនបើមានអ្នកទន្ទ្រានឈូសឆាយបន្ថែមត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់»។
លោក ព្រឹម រដ្ឋា បានបញ្ជាក់ទៀតថាចំពោះការស្នើសុំកាយប្រឡាយដោយប្រើគ្រឿងចក្រដូចជា ត្រាក់ទ័រ រឺ អេស្កាវទ័រ ត្រូវស្នើសុំទៅរដ្ឋបាលខេត្តតាមរយៈរដ្ឋបាលស្រុក ដើម្បីឲ្យក្រុមការងារចុះមកសិក្សាក្នុងការសុំគោលការណ៍ ទៅអភិបាលខេត្ត។ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាបឹងទន្លេសាបរបស់យើងឲ្យបានតកូនតចៅជារៀងរហូតជាពិសេសថែរក្សានៅជីវៈចម្រុះក៏ដូចជាពូជត្រីជាដើម។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការសម្រេចដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងចាត់ទុកថានេះជាការដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋានគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង៕