(ព្រះសីហនុ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រគល់ប័ណ្ណសរសើរជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ កោះកុង កំពត កែប កំពង់ស្ពឺ និងតាកែវ ក្នុងការប្រយុទ្ធនឹ ងជំងឺកូរីដ-១៩ នាពេលកន្លង ដែលប្រទេសកម្ពុជាត្រូវបានពិភពលោកប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូចមានបេះដូងធំទូលាយ» ដោយបានគ្រប់គ្រង ឆ្លើយតបការរាតត្បាតជំងឺកូរីដដោយជោគជ័យ។
ក្នុងពិធីប្រគល់ប័ណ្ណសរសើរ បានប្រារព្ធធ្វើនៅសណ្ឋាគារសុខាក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តទាំងនោះ ព្រមទាំងមន្រ្តីជាប់ពាក់ព័ន្ធមួយចំនួនទៀត។
លោករដ្ឋមន្រ្តី បន្តថា សមិទ្ធផលគួរឱ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំផ្ទាល់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈការប្រើប្រាស់កម្លាំងសរុបរបស់ជាតិ និងមានការចូលរួម របស់សង្គមជាតិទាំងមូល។
លោករដ្ឋមន្ត្រីបន្ថែមថា មេរៀនបទពិសោធន៍ទាំងអស់នេះ អាចឱ្យយើងយកឈ្នះលើសមរភូមិកូវីដ-១៩ តែរាជរដ្ឋាភិបាលនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ ព្រោះសង្គ្រាមកូវីដ-១៩ មិនទាន់ចប់នៅឡើយ។
លោករដ្ឋមន្ត្រី បានកោតសរសើរមន្ត្រីសុខាភិបាលទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំង៦ខេត្ត ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមសហការក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងធានា បាននូវការផ្តល់សេវាសុខភាពជាសារវ័ន្ត។ សមិទ្ធផលទាំងអស់នេះ កើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ក្នុងការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច កំណើន និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់ក៏ត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សាការពារសន្តិភាពនេះ ឱ្យឋិតថេរជាអមតៈ។
ក្នុងនោះលោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អ រវាងអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធនានាក្នុងការទប់ស្កាត់រាល់បាតុភាពអសកម្មទាំងឡាយ ដែលបានធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ ប្រជាពលរដ្ឋដោយបង្ក្រាបបានជាអតិបរមានូវការលក់ឱសថក្លែងក្លាយ ការនាំចូលឱសថដែលពុំមានច្បាប់អនុញ្ញាត សេវាសុខាភិបាលខុសច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសេវាសុខាភិបាល សាធារណៈកាន់តែទទួលបានទំនុកចិត្តពីប្រជាជន តែយើងក៏ត្រូវតែខិតខំពង្រឹងបន្ថែមទៀត ជាពិសេសក្រមសីលធ៌មវិជ្ជាជីវៈ អត្តចរិតស្លូតបូត រាក់ទាក់ ប្រកបដោយការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដែលពួកគាត់ត្រូវការ ដើម្បីឲ្យពួកគាត់កាន់តែពេញចិត្ត និងគាំទ្រសេវាសុខាភិបាលរបស់យើង៕