(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងអនុលោមតាម យុទ្ធសាស្ត្រ គោលនយោបាយសំខាន់ៗ ដទៃទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឱ្យអនុវត្តក្រោមម្លប់នៃសន្តិភាពពេញលេញ ឯកភាពទឹកដីលើផ្ទៃប្រទេសទាំងមូល ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងក្រោមម្លប់ដ៏ត្រជាក់ នៃព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សមិទ្ធិផលជាច្រើនអនេកដែលរាជរដ្ឋាភិបាលសម្រេចបាន ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលផ្តោតលើការបង្កើនល្បឿន នៃការកែទម្រង់កាន់តែស៊ីជម្រៅ អភិបាលកិច្ចកាន់តែល្អប្រសើរ បរិស្ថានគ្របដណ្តប់កាន់តែរឹងមាំ និងអំណោយផលសម្រាប់ការអនុវត្តយុទ្ធសាស្ត្រទាំងមូល ការផ្តល់អាទិភាពកាន់តែច្រើនជាងមុនដល់ការអភិវឌ្ឍធនធានមនុស្ស ការជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា ការអនុវត្តគោលនយោបាយ សេដ្ឋកិច្ច សង្គម ឌីជីថល ការលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជននិងការងារ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នក្រោមម្លប់ ដ៏ត្រជាក់ត្រជំនៃសុខសន្តិភាព។
របាយការណ៍នេះ បានឆ្លុះបញ្ចាំងពីសកម្មភាពការងារយ៉ាងមមាញឹក រស់រវើក នៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ជំនះរាល់ឧបសគ្គ និងបញ្ហាប្រឈម ពិសេសការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល។
ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន, កម្ពុជាបានសម្រេចនូវសមិន្ថផលថ្មីៗទៀតលើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួនទោះបីជំងឺកូវីដ១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុង និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។
សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មុតដោយកម្លាំងជាតិ ទាំងមូលដែលបានរួមសាមគ្គីយ៉ាងរឹងមាំ ជុំវិញរាជរដ្ឋាភិបាល។
ក្យស្លោក អរគុណសន្តិភាព អរគុណ នយោបាយឈ្នះឈ្នះ និងដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ បានលាន់រន្ទឺពាសពេញប្រទេស និងបានក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើក នៅក្នុងដំណើរការកសាង និងការពារមាតុភូមិ។ បើយើងរក្សាសន្តិភាពមិនបាន យើងពិតជាមិនអាច ទទួលសមិទ្ធផលគ្រប់យ៉ាងនៅថ្ងៃនេះបានឡើយ។ ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដ៏កាចសាហាវដែលបានឆ្លង រាតត្បាតយ៉ាងខ្លាំងក្នុងឆ្នាំ២០២០-២០២១ បានទទួលជោគជ័យតាមរយៈការដឹកនាំដ៏ត្រឹមត្រូវការអនុវត្តយុទ្ធសាស្ត្រនិងវិធានការដ៏មុតស្រួចនានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩៕
ខាងក្រោមនេះជាសមិទ្ធផលជាតិចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២៖