(កំពត)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្ស៊ី រួមជាមួយលោក លោកស្រី ជារដ្ឋាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សា នៃក្រសួងព័ត៌មាន បានអញ្ជើញអុជធូបនៅទីសក្ការៈលោកយាយម៉ៅ លើកំពូល ភ្នំបូកគោ មុនដំណើរការរៀបចំពិធីបញ្ចុះបឋមសិលា សុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ដែល មានទីតាំងស្ថិតនៅលើភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត។

បន្ទាប់មក លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី អមដំណើរដោយលោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការពិនិត្យបច្ចេកទេស និងរៀបចំស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ បានអញ្ចើញប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ក្រុងបូកគោ ខេត្តកំពត ដោយដំណើរការទៅដោយរលូន និងសុខសុវត្ថិភាពចំពោះវិស្វករ និងជាជាងដែលធ្វើការសាងសង់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ស៊ីវ ផេង អភិបាលរងខេត្តកំពតផងដែរ។

លោក សុខ ប្រសិទ្ធិ បានលើកឡើងថា ក្រសួងព័ត៌មាន បានសិក្សាយ៉ាងលំអិតក្នុងការរៀបចំសាងសង់អគារ រួមទាំងស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ដើម្បីពង្រីកប្រព័ន្ធផ្សព្វផ្សាយ នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ និងដែនកោះនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពទំនើបកម្មថែមទៀត។

គួររំលឹកដែរថា គម្រោងសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ បូកគោនេះ ជាជំហាននដំបូងគ្រាន់តែចង់ធ្វើការជួសជុលកែលម្អអគារចាស់ ដែលមានពីដើមកឡើងវិញតែប៉ុណ្ណោះ ប៉ុន្តែដោយមានការសិក្សាស្វែងយល់គ្រប់ជ្រុងជ្រោយ ពីក្រុមការងារ បច្ចកទេស និងក្រុមវិស្វករសំណង់ បានវាយតំលៃថាអគារនេះមានអាយុកាលប្រមាណជិត១០ឆ្នាំ មកហើយ និងមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ គ្រឹះក៏មិនធានាការប្រើប្រាស់បាន យូរអង្វែងទៅមុខទៀតនោះដែរ ហើយការចំណាយនៃការជួសជុលកែលំម្អរឡើងវិញ អស់ច្រើនជាងការសាងសង់ថ្មីទៅទៀត។

ដូច្នេះហើយទើបលោក ខៀវ កាញារីទ្ធ បានសម្រេចអោយមានការសង់អគារថ្មី និងរៀបចំធ្វើជាស្ថសនីយ៍វិទ្យុ និងទូរទស្សន៍បូកគោនេះតែម្តង ដោយបង្កើតជាគណ:កម្មការសាងសង់អគារ ដឹកនាំដោយលោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន។

គម្រោងសាង់សង់អគារថ្មី នៅលើភ្នំបូកគោនេះលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សម្រាប់ធ្វើជាអគារស្ថានីយ៏វិទ្យុ និងទូរទស្សន៏ ផ្សាយបន្ត ពីស្ថានីយ៏កណ្តាល របស់ទូរទស្សន៏ជាតិកម្ពុជា និងស្ថានីយ៏វិទ្យុជាតិ FM វត្តភ្នំ និងវិទ្យុជាតិ FM 96 ហើយអគារនេះ មានកន្លែងស្នាក់នៅរបស់បុគ្គលិក បន្ទប់ស្ទីតយោវិទ្យុ សាលប្រជុំ ទីតាំងសាងសង់ អង់តែន និងទីធ្លាសម្រាប់ចតយានយន្ត ពិសេសទៀតនោះធ្វើផ្លូវចូលសម្រាប់ជនពិការផងដែរ។

សារៈសំខាន់នៃការសាងសង់ស្ថានីយ៍ វិទ្យុ និងទូរទស្សន៍បូកគោនេះ ព្រោះជាទីតាំងនៅលើភ្នំបូកគោ មានលក្ខណ:អំណោយផលល្អ សម្រាប់ដាក់ស្ថានីយ៍ផ្សាយបន្ត វិទ្យុជាតិ និងទូរទស្សន៏ជាតិកម្ពុជា ដែលអាចផ្សាយបាន ទៅកាន់តំបន់ឆ្ងាយៗ នៅជុំវិញ ខេត្តកំពត ពិសេសសម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកមើលឃើញ និងស្តាប់បាន ពីការផ្សាយដំណឹង និងព័ត៌មានថ្មីៗ ទាន់ហេតុការណ៏ ហើយអ្វីដែលសំខាន់គឺការផ្សាយ ព្យាករណ៏អាកាសធាតុ និងព័ត៌មានទាន់ហេតុការណ៏ទាក់ទង ខ្យល់ព្យុះ ដើម្បីអ្នកនេសាទនៅសមុទ្របានដឹងទាន់ពេល ហើយជៀសពីឧបទ្ទវហេតុផ្សេងៗដែលកើតមាន។

ជាមួយគ្នានេះដែរ ក្នុងគម្រោងនៃការសាងសង់អគារថ្មី ក៏ជាកន្លែទុកសម្រាប់ឲ្យមន្ត្រី ក្រសួងព័ត៌មាន មកលេងកំសាន្ត និងស្នាក់នៅ ក្នុងរយៈពេលខ្លីបានផងដែរ។

សម្រាប់គម្រោងនៃការសាងសង់អគារថ្មី រួមទាំងស្ថានីយ៍វិទ្យុ និងទូរទស្សន៍បូកគោគឺមានរយៈពេល ១៨ខែ ចាប់ពីថ្ងៃបញ្ចុះបឋមសិលាសាងសង់នេះ ហើយអគារ និងវិទ្យុទូរទស្សន៍នេះ គឺសម្រាប់បំរើដល់ការងារផ្សព្វផ្សាយ ឲ្យបានច្រើនកន្លែង ដោយហេតុថា ពី១ថ្ងៃទៅមួយថ្ងៃសម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារជាច្រើនដែល ត្រូវបំពេញទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាអោយ វិស័យព័ត៌មាន និងសោតទស្សន៏កាន់តែរីកចម្រើន ស្របតាមការវិវត្តន៏នៃបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន៕