(ភ្នំពេញ)៖ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារកិច្ចជួយលើផ្នែកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច បានទទួលជួបជាមួយនឹងប្រតិភូក្រុមហ៊ុនបរទេសចំនួនពីរ ក្នុងពេលជាមួយគ្នា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

ក្រុមហ៊ុនទាំងពីរ រួមមាន ក្រុមហ៊ុន Shannxi Construction Engineering Group Corporation Limited តំណាងដោយលោក Yan Yongjun ជាប្រធាន (Chairman) និងក្រុមហ៊ុន Glory Energy Storage Tech ដែលមានលោក An Yemin ជាអគ្គនាយក (CEO) ។

លោក ព្រាប កុល បានពាំនាំនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះគណៈប្រតិភូក្រុមហ៊ុនបរទេស ដែលបានអញ្ជើញមកសិក្សាពីឱកាសធ្វើការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីគណៈប្រតិភូក្រុមហ៊ុនបានធ្វើការណែនាំអំពីក្រុមហ៊ុនរបស់ខ្លួន និងបង្ហាញគោលបំណងនៃការសិក្សាអំពីឱកាសវិនិយោគនៅកម្ពុជា លោក ព្រាប កុល បានផ្តល់ការណែនាំអំពីសក្តានុពលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការវិនិយោគលើច្រើនវិស័យរួមមាន តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស កសិ-ឧស្សាហកម្ម ហេត្ថារចនាសម្ព័ន្ធ និងថាមពល ជាដើម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដែលសហគ្រាស និងក្រុមហ៊ុនបរទេសទទួលបានពីការវិនិយោគនៅកម្ពុជា តាមរយ:គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសាកម្ពុជាធានាបាន នូវស្ថិរភាពនយោបាយ មានហេត្ថារចនាសម្ពន័្ធសមរម្យ និងមានគុណសម្បត្តិផ្សេងៗជាច្រើនទៀត។

គណៈប្រតិភូ នៃក្រុមហ៊ុនបរទេសបានកោតសរសើរដល់កម្ពុជា ដែលបានប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ និងជាពិសេសបានធានានូវបរិយាកាសអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម និងបានផ្តាំថ្លែងអំណគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេស និងថ្លែងអំណរគុណដល់លោក ព្រាប កុល ដែលបានផ្តល់កិត្តិយស និងឱកាសសម្រាប់ការជួបពិភាក្សាដោយផ្ទាល់នៅថ្ងៃនេះ ហើយសង្ឃឹមថា លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងបន្តជួយគាំទ្រ និងសហការណ៍ជាមួយក្រុមហ៊ុន ដើម្បីធ្វើការសិក្សាពីឱកាសវិនិយោគនៅកម្ពុជារហូតដល់ ក្រុមហ៊ុនអាចបោះទុនវិនិយោគដ៏ធំនៅពេលខាងមុខ ដើម្បីចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត៕