(កំពង់ធំ)៖ អគារមណ្ឌលសុខភាពតាំងក្រសាំងថ្មីមួយខ្នង កម្ពស់២ជាន់ ជាចំណងដៃថ្មីបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ផ្ដល់ជូនដល់ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីលើកកម្ពស់សុខាមាលភាពប្រជាជន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
អគារថ្មីមណ្ឌលសុខភាពតាំងក្រសាំងនេះ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋសិលាធ្វើការកសាងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ មានកម្ពស់២ជាន់បណ្ដោយ៤៥ម៉ែត្រ ទទឹង១៦ម៉ែត្រ និងមានបន្ទប់សម្រាប់សម្រាក ពិនិត្យព្យាបាលចំនួន២៨បន្ទប់ សាងសង់ពីថ្ម ក្រោមការជួយឧបត្ថម្ភពីលោក ជា ចាន់តូ និងលោកស្រី ព្រមទាំងធនាគារអ៊ូរី (ខេមបូឌា)ម,ក។
លោក ជា ចាន់តូ បានចាត់ទុកអគាមណ្ឌលសុខភាពតាំងក្រសាំងនេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាសុខភាព ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ជាការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល ឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ជា ចាន់តូ បានថ្លែងថា បច្ចុប្បន្នស្រុកសន្ទុក ខេត្តកំពង់ធំ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ជារូបវន្តក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឃើញថា មានភាពកាន់តែប្រសើរឡើង ក្នុងនោះតម្រូវការសេវាសុខាភិបាល របស់ប្រជាពលរដ្ឋក៏មានការកើនឡើង ដែលចាំបាច់ត្រូវផ្ដល់លទ្ធភាព និងមានការលើកកម្ពស់សេវាសុខភាព ឲ្យកាន់ប្រសើរឡើងដែរ។
លោក ជា ចាន់តូ បានចាត់ទុកការចូលរួមចំណែក ក្នុងការជួយឧបត្ថម្ភ ដល់ការកសាងអគារមណ្ឌលសុខភាពតាំងក្រសាំង ពីធនាគារអ៊ូរីថា បានឆ្លើយតបទៅនឹងតម្រូវការប្រជាជន ឲ្យទទួលបានសេវាសុខាភិបាល បានឆាប់រហ័សដែលមិនត្រឹមតែ សម្រាប់ប្រជាពលរដ្ឋនៅស្រុកសន្ទុកទេ សម្រាប់ស្រុកនៅជុំវិញថែមទៀតផង។
លោកក៏បានអំពាវនាវ ដល់ប្រជាជនឲ្យអញ្ជើញទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់គ្នាៗ ដើម្បីជ្រើសគណបក្សនយោបាយណាដែលខ្លួនស្រឡាញ់ពេញចិត្ត និងផ្ដល់សេចក្ដីសុខដល់ប្រទេសជាតិប្រជាជន និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ការអភិវឌ្ឍ និងរស់នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ។
លោក ជា ចាន់តូ បានបញ្ជាក់ថា «គ្មានគណបក្សណាមានគោលនយោបាយល្អ និងផ្ដល់ផលប្រយោជន៍ជូនជាតិ ជូនប្រជាជន ជាងគណបក្សប្រជាជនកម្ពុជានោះទេ»៕