Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស៊ិន សូផាន្នី បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍ត្រី៣រូប, ផ្លាស់ប្តូរមេបញ្ជាការរងក្រុងម្នាក់ ទៅជាស្នងការរងភស្តុភារ

22-07-2016 09:52

(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថ ៤រូបត្រូវបានប្រកាស តម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី និងផ្លាស់ប្តូរភារកិច្ចពី មេបញ្ជាការរងរាជធានីភ្នំពេញ ទៅជាស្នងការរងភស្តុភារ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោយពីមន្រ្តីអាវុធហត្ថ ទាំងមានស្នាដៃល្អ ពេលកំពុងកំពុងភារកិច្ច។

ពិធីបំពាក់ឋានន្តរស័ក្តិ និងប្រកាសផ្លាស់ប្តូរ នាយទាហានជាន់ខ្ពស់ខាងលើនេះ បានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងអាវុធហត្ថលើផ្ទៃ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពី សំណាក់លោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង លោក នាយការិយាល័យ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសបានចូលរួមផងដែរ នាទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស។

 យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៦/៦២១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រីជូន ១-វរសេនីយ៍ឯក ហ៊ង បូរ៉ា ២-វរសេនីយ៍ឯក យ៉ា ឌីណា និង៣-វរសេនីយ៍ឯក ផាវ សីុផុន។

យោងតាមប្រកាសរបស់ក្រសួងការពារជាតិ លេខ២០៣ ត.ត. ០៧/១៦ ស្តីពីការតែងតាំងមុខងារនាយទាហាន ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ បានតែងតាំងផ្លាស់ប្តូរមុខងារនាយទាហាន វរសេនីយ៍ឯក ឈិត ផល្គុណ មេបញ្ជាការរងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បច្ចុប្បន្នជាស្នងការរង ស្នងការភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក សិុន សូផាន្នី បានជំរុញទៅកាន់មន្រ្តីអាវុធហត្ថ ដែលទើបតម្លើងឋានន្តរស័ក្តិ និងទទួលភារកិច្ចថ្មី ត្រូវខិតខំបំពេញការងារ ឲ្យមានប្រសិទ្ធភាពខ្លាំងឡើង ដើម្បីបម្រើប្រជាជន និងសង្គមជាតិ ជាពិសេសអនុវត្តតាម បទបញ្ជារបស់ថ្នាក់ដឹកនាំ លើកិច្ចពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនជាតិមាតុភូមិ៕