(កំពង់ស្ពឺ)៖ លោក មួង សុភ័ក្រ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង ដែលបានចុះទៅដល់ ឧទ្យានជាតិ ព្រះសុរាម្រិតកុសមៈ «គិរីរម្យ» ដោយផ្ទាល់បានអះអាងថា នៅតំបន់គិរីរម្យនេះ ពុំមានការកាប់បំផ្លាញព្រៃឈើ ដូចការចោទប្រកាន់របស់ជនខិលខូចមួយចំនួនឡើយ ប៉ុន្តែ តំបន់នេះកាន់តែមានភាពរីកចម្រើនយ៉ាងខ្លាំងលើវិស័យទេសចរណ៍ធម្មជាតិ។
យុវជនរូបនេះ បានរកឃើញថា ក្រុមហ៊ុនដែលវិនិយោគនៅតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គិរីរម្យ» នេះ សុទ្ធសឹងតែជាក្រុមហ៊ុនដែលវិនិយោគផ្នែកអេកូទេសចរណ៍ ពុំមែនជាក្រុមហ៊ុនមកកាប់បំផ្លាញព្រៃឈើដូចការចោទប្រកាន់ និងបំភ្លៃរបស់ក្រុមប្រឆាំងនោះទេ។ ក្រុមហ៊ុនថែមទាំងបានលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការផ្តល់ការងារដល់ប្រជាពលរដ្ឋនៅតំបន់នេះ និងផ្តល់ចំណូលជូនរាជរដ្ឋាភិបាល។
លោក មួង សុភ័ក្រ បានបញ្ជាក់ថា៖ «យើងជាយុវជនចង់មកមើលផ្ទាល់ដែលចង់ដឹងថា តំបន់ហ្នឹងវាមានការកាប់បំផ្លាញដូចគាត់និយាយអត់ ជាក់ស្តែងទិដ្ឋភាពនៅតំបន់គិរីរម្យ គឺស្រស់ស្អាតដូចធម្មជាតិពីដើម។ សូម្បីតែក្រុមហ៊ុនដែលគាត់លើកឡើងក្នុងការអភិវឌ្ឍ គឺអត់ឃើញមានការកាប់បំផ្លាញអីទេ និងមើលឃើញថាចំណូលរបស់ប្រជាជននៅទីនេះកើនឡើងជាងមុន បើធៀបដែលខ្ញុំធ្លាប់មកពីមុន»។
លោកសុភ័ក្រ បានលើកឡើងថា ការអភិវឌ្ឍទីតាំងលេងកម្សាន្តបែបអេកូទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យនេះ បានទាក់ទាញភ្ញៀវទេសចរ បង្កើនឱកាសការងារជាច្រើនកន្លែងជូនប្រជាជននៅមូលដ្ឋាននេះ ដែលជាផ្នែកមួយកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការធ្វើចំណាកស្រុក ព្រមទាំងបានចូលរួមចំណែកលុបបំបាត់ការចូលរព្រៃកាប់ឈើ បរបាញ់សត្វជាដើម។
ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានលើកឡើងថា ការអភិវឌ្ឍតំបន់ទេសចរណ៍នៅតំបន់ឧទ្យានជាតិ ឬតំបន់ព្រៃភ្នំដែលមានសក្តានុពលផ្នែកទេសចរណ៍អេកូឡូស៉ី គឺជាការអភិវឌ្ឍមួយធ្វើឱ្យចំណេញលើផ្នែកទេសចរណ៍ធម្មជាតិ (ទេសចរណ៍គ្មានផ្សែង) និងនាំចំណូលក្នុងមូលដ្ឋាន។
លោក មួង សុភ័ក្រ ក៏បានឱ្យដឹងថា សម្រាប់ការកែច្នៃអភិវឌ្ឍន៍តំបន់ឧទ្យានជាតិ តំបន់ព្រៃឈើជាទីតាំងទេចរណ៍ធម្មជាតិនេះ គឺមិនមែនមានតែប្រទេសកម្ពុជានោះទេ។ ជាក់ស្តែងប្រទេសថៃ ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនមួយរៀបចំអភិវឌ្ឍតំបន់ទេចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិផងដែរ។
«ប្រទេសយើងបែរជាមានក្រុមយុវជនមួយចំនួនតូចយល់ឃើញថា រាល់ការអភិវឌ្ឍណានៅតំបន់ព្រៃភ្នំ តំបន់ឧទ្យានជាតិគិតថារដ្ឋាភិបាលបំផ្លាញហើយ អ៊ឹចឹងក្នុងគំនិតរបស់គាត់មានទុដ្ឋិនិយមជាមួយជាមួយរដ្ឋាភិបាល។ ការអភិវឌ្ឍតំបន់ណាក៏ដោយគឺឆ្លងកាត់ការវាយតម្លៃ សិក្សាមើលឃើញពីផលចំណេញសម្រាប់ចំណូលជាតិ ជាពិសេសបង្កើនសេដ្ឋកិច្ចជូនពលរដ្ឋមូលដ្ឋាន»។ នេះជាការលើកឡើងបន្ថែមរបស់លោក មួង សុភ័ក្រ៕