(ភ្នំពេញ)៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិនឯក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នេះ ដែលជាថ្ងៃចាប់ផ្តើមអនុវត្តសេចក្តីជូនដំណឹងដំបូងឃើញថា បងប្អូនជាអតិថិជនជាច្រើនបានចូលរួមសហការ តាមសេចក្តីជូនដំណឹងនោះអញ្ជើញមកធ្វើបច្ចុប្បន្នភាព និងទទួលយកការសម្របសម្រួល ហើយក៏បានឯកភាពព្រមព្រៀងគ្នា ដោយជាក់លាក់បំផុតគឺ៖ ក្រុមហ៊ុននឹងរៀបចំសម្របសម្រួលទូទាត់បន្ថែមចំពោះការទូទាត់ទាំងឡាយ ដែលមិនទាន់បានពេញលេញឲ្យបានរួចរាល់ជាស្ថាពរ សំដៅយ៉ាងណាយូរបំផុតត្រឹមចុងខែសីហា ឆ្នាំ២០២៣ ខាងមុខ។

បន្ទាប់ពីទទួលបានការព្រមព្រៀងគ្នារួចមក បងប្អូនជាអតិថិជនយើងទាំងអស់ បានអបអរសាទរ និងការប្តេជ្ញាចិត្តនេះ និងបានត្រឡប់ទៅកាន់គេហដ្ឋានរបស់ខ្លួនវិញរៀងៗខ្លួន ដោយភាពកក់ក្តៅក្រៃលែង។

ក្រុមហ៊ុន ក៏សូមអរគុណចំពោះបងប្អូនទាំងអស់ដែលតែងមានជំនឿចិត្តលើក្រុមហ៊ុន ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ សូមសំណូម ឲ្យបងប្អូនយើងទាំងអស់ ត្រូវប្រកាន់គោលជំហរ យកការសម្របសម្រួលដោះស្រាយជាមួយក្រុមហ៊ុន ដើម្បីបង្ការបាននូវការឆ្លៀតឱកាសពីជនឆក់ឱកាសបំផ្លាញនូវផលប្រយោជន៍ក្រុមហ៊ុន បងប្អូន និងសង្គមជាតិដែលប្រមុខនៃរាជរដ្ឋាភិបាលលោកបានកសាងមកឲ្យយើងមានសុខសន្តិភាពហើយ ត្រូវបានខូចខាត និងបាត់បង់ទៅវិញ ផ្ទុយពីបំណងនៃការលះបង់ របស់វីរបុរសជាតិយើង។

ក្រុមហ៊ុនធានាក្នុងជំហរដោះស្រាយកិច្ចការងារសម្របសម្រួលជាមួយបងប្អូនយើង ជាមួយក្រុមហ៊ុនជារៀងរហូត!