(ភ្នំពេញ)៖ ដើម្បីពន្លឿន នៃការដោះស្រាយជូនប្រជាពលរដ្ឋ ដែលបានទិញផ្ទះល្វែង និងដីឡូត៍ពីក្រុមហ៊ុនបុរី វីអាយភី ស្ថិតនៅភូមិម៉ឺន្ក្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ឲ្យបានលឿន និងឈានទៅដល់ការឯកភាពគ្នាបញ្ចប់រឿង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោក ឃ្លាំង ហួត និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយជូនប្រជាពលរដ្ឋបន្តទៀត។
កិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព នៃការរកដំណោះស្រាយករណីប្រជាពលរដ្ឋ ដែលបានទិញផ្ទះល្វែង និងដីឡូត៍ ពីក្រុមហ៊ុនបុរី វីអាយភី ខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នៅសាលារាជធានីភ្នំពេញ។
ក្រោយពីបានពិភាក្សាគ្នារួចមក អង្គប្រជុំ បានឯកភាពគ្នាចំនួន ៤ចំណុច ក្នុងនោះរួមមាន៖
*ទី១៖ រដ្ឋបាលខណ្ឌដង្កោ ត្រូវដឹកនាំក្រុមការងារដែលមានការចូលរួមពីទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្សនៃរដ្ឋបាលរាជធានីភ្នំពេញ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ ចុះទៅពិនិត្យ ទីតាំងផ្ទះ-ដីឡូត៍ ដើម្បីធ្វើការផ្ទៀងផ្ទាត់ស្ថិតិរបស់ប្រជាពលរដ្ឋ និងស្ថិតិរបស់ក្រុមហ៊ុនបុរីវីអាយភី ចាប់ពីគម្រោងទី១ ដល់គម្រោងទី៦ ឱ្យបានច្បាស់លាស់ រួចរាយការណ៍ជូនមករដ្ឋបាលរាជធានីភ្នំពេញ។
*ទី២៖ ស្នើឱ្យនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើការងារនេះ ជាមួយម្ចាស់បំណុលផ្ទាល់ថា តើក្រុមហ៊ុនបានសងទៅម្ចាស់បំណុលបានប៉ុន្មានហើយ រួចមកផ្ទៀងផ្ទាត់ បំណុលរបស់ ក្រុមហ៊ុនបុរីវីអាយភី និងដើម្បីពិនិត្យមើលអតិថិជនរូបណាដែលបានអនុវត្តតាមកិច្ចសន្យា និងមិនបានអនុវត្តតាមកិច្ចសន្យាជាមួយក្រុមហ៊ុន ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយជូនគាត់។
*ទី៣៖ ក្រោយពីប្រជុំរួច រដ្ឋបាលខណ្ឌ ត្រូវយកលទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះ ទៅធ្វើការផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យរក្សាភាពស្ងៀមស្ងាត់ ដោយទុកឱ្យអាជ្ញាធរសម្របសម្រួលដោះស្រាយ ជាមួយភាគីពាក់ព័ន្ធ។
*ទី៤៖ បន្ទាប់ពីបានលទ្ធផលខាងលើ អង្គប្រជុំនឹងប្រជុំម្តងទៀត នៅសប្តាហ៍ទី៤ នៃខែមិថុនា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ៕