(សៀមរាប)៖ មន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាប ដឹកនាំដោយលោក ង៉ែត ចេក ប្រធានសាខា សហការជាមួយមន្ត្រីមន្ទីពាណិជ្ជកម្ម រួមជាមួយអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ បានចុះត្រួតពិនិត្យទំនិញ នៅផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានរកឃើញសរសៃគុយទាវផ្ទុកសារធាតុគីមី ចំនួន ៦.៥០គីឡូក្រាម។
លោកប្រធានសាខាបានឲ្យដឹងថា គោលបំណងនៃការចុះពិនិត្យនេះ មន្ត្រីជំនាញ បានយកចិត្តទុកដាក់ជាសំខាន់ ទៅលើផលិតផលទំនិញ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករដាក់តាំងលក់ នៅលើទីផ្សារ ឲ្យទទួលបាននូវ ម្ហូបអារហារ ប្រកបដោយ សុវត្ថិភាព និងមិនប៉ះពាល់ដល់ សុខភាព។
តាមរយៈការចុះត្រួតពិនិត្យនៅផ្សារលើធំថ្មីនេះ កម្លាំងចំរុះបានរកឃើញ និងធ្វើកិច្ចសន្យាដកហូត ទំនិញខូចគុណភាព ហួសកាលបរិច្ឆទប្រើប្រាស់ដូចជា ប្រេងខ្យង ម៉ាក Maggi ទឹកសីុអីុវ ម៉ាក Maggi សរុបចំនួន២០ដប ទំពាំងកំប៉ុងដល់កាលបរិច្ឆទ ប្រើប្រាស់ ចំនួន ៣កំប៉ុង និងបានត្រួតពិនិត្យមើលលើ សរសៃមីគុយទាវ និងរកឃើញសរសៃគុយទាវមានផ្ទុកសារធាតុគីមីហាមឃាត់ Borax ចំនួន ៦.៥០គីឡូក្រាម។
ក្រោយការសួរនាំអ្នកលក់រួចមក មន្ត្រីជំនាញកាំកុងត្រួល ក៏បានរកឃើញទីតាំងផលិតសរសៃគុយទាវ ពុំទាន់មានច្បាប់ ស្ថិតនៅ ភូមិតាកុយ សង្កាត់ស្វាយដង្កំ ក្រុងសៀម រាប ខេត្តសៀម រាប មានម្ចាស់ឈ្មោះ តាន់ ធីតា។
មន្រ្តីជំនាញបានធ្វើកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដូចជា មន្ទីរពាណិជ្ជកម្ម មន្ទីរឧស្សាហកម្ម ក្រោមការដឹកនាំរបស់លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាសាដំបូងខេត្តសៀម រាប នាំយក ទំនិញខូចគុណភាពនេះ ទៅរក្សាទុក ដើម្បីពិនិត្យ និងកំទេចចោលនៅពេលក្រោយ ។ ចំពោះទីតាំងផលិតត្រូវបានបិទជាបណ្តោះអាសន្ន រង់ចាំនីតិវិធីផ្លូវច្បាប់ ។
លោកប្រធានសាខាបានបញ្ជាក់ទៀតថា៖ ការចុះពិនិត្យនេះ គឺធ្វើឡើងជាប្រចាំ តាមការណែនាំចង្អុលបង្ហាញពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងគោលបំណងការពារផលប្រយោន៏ និងសុខភាពអ្នកប្រើប្រាស់ និងទប់ស្កាត់ទាន់ពេលវេលា នូវការធ្វីចររាចរ ចែកចាយ លក់ដូរផលិតផល ទំនិញ ខូចគុណភាព ។
ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕