(ភ្នំពេញ)៖ លោក អ៉ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា បារីអេឡិច ត្រូនិក និងផលិតផលអេចណ៍ ធី ភី ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សង្គមកម្ពុជា តាមរយៈការបំផ្លាញនូវអនាគតកុមារ និងយុវជនដែលជាទំពាំងស្នងឫស្សីដ៏សំខាន់។

លោក អ៉ីមរ៉ន ហាស្សាន់ បានលើកឡើងយ៉ាងដូចនេះថានាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាឱកាសដែលលោកនិងលោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយអំពីគ្រោះថា្នក់ នៃបារីអេឡិចត្រូនិក ដែលបានរៀបចំឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកអភិបាលខ័ណ្ឌ ឬតំណាង, អធិការនគរបាលខ័ណ្ឌ ចៅសង្កាត់ អធិការនគរបាលសង្កាត់ មន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរទេសចរណ៍ និងមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។

លោក អ៉ីមរ៉ន ហាស្សាន់ បានឱ្យដឹងទៀតថា ការលក់ ចែកចាយ និងការធ្វើអាជីវកម្មបារី អេឡិចត្រូនិក និងផលិតផល អេចណ៍ ធី ភី ត្រូវបានហាមឃាត់ តាំងពីឆ្នាំ២០១៤មកម្ល៉េះ ដោយសារផលិតផលទាំងនេះផ្តល់នូវទុក្ខទោសយ៉ាងច្រើនសម្រាប់សង្គមយើង ជាពិសេសទៅលើយុវជន និងកុមារ
ដែលជាអនាគតធនធានមនុស្សដ៏សំខាន់ ដែលយើងត្រូវយកចិត្តទុក្ខដាក់ខ្ពស់។

លោកបានបន្ថែមទៀតថា សារធាតុរាវស្អិតដែលហៅថាអីលីគ្វីដ (E-Liquid) ដែលប្រើប្រាស់នៅក្នុងបារីអេឡិចត្រូនិក និងផលិតផល អេចណ៍ ធី ភី គឺមានផ្ទុកនូវសាធាតុគីមីគ្រោះថ្នាក់ជាច្រើន ដូចជា គ្លីសេរីន ប្រូពីឡែនគ្លីកូល និង សារធាតុគីមីផ្ដល់រស់ជាតិជាដើម។ សារធាតុគីមីទាំងនេះគឺបង្ករគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះអ្នកប្រើប្រាស់ និងអ្នកស្រូបចំហាយរបស់វា ដោយអាចបង្កជាជំងឺមហារីសួតធ្ងន់ធ្ងរ ជំងឺបេះដូង ចុះខ្សោយសមត្ថភាពចង់ចាំ ពិបាកផ្ចង់អារម្មណ៍ជាដើម។

លោក អ៉ីមរ៉ន ហាស្សាន់ បានឱ្យដឹងទៀតថា ការប្រើប្រាស់ផលិតផលទាំងនេះធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់កុមារ និងយុវជនជាខ្លាំង លើសពីនោះវាអាចនាំពួកគេឈានទៅរកការប្រើប្រាស់គ្រឿងញៀនដ៏ទៃទៀតផងដែរ។ កាលពីប៉ុន្មានខែកន្លងទៅសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការ បង្ក្រាបការប្រើប្រាស់ ការលក់ ចែកចាយ និងធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផល អេចណ៍ ធី ភី ដែលធ្វើឱ្យអាជីវកម្មខុសច្បាប់មួយនេះថយចុះយ៉ាងគួរឱ្យកត់សម្គាល់។

នាឱកាសនោះដែរលោក អ៉ីមរ៉ន ហាស្សាន់ ក៏បានដាក់ចេញនូវអនុសាសន៍មួយចំនួនសំដៅធ្វើយ៉ាងណាចូលរួមលុបបំបាត់បារីអេឡិចត្រូនិក និងផលិតផល អេចណ៍ ធី ភី ដែលមានដូចជា៖

១៖ រឹតបន្តឹងនិងអនុវត្តការហាមឃាត់ការប្រើប្រាស់ ការលក់ ចែកចាយ និងការធ្វើអាជីវកម្មបារីអ ឡិចត្រូនិក និងផលិតផលអេចណ៍ ធី ភី ស្របតាមលិខិតគតិយុត្តដែលមាន នៅតាមមូលដ្ឋាន របស់ខ្លួនឱ្យបានតឹងរឹង។
២៖ យកចិត្តទុកដាក់បន្ថែមក្នុងការចុះអន្តរាគមន៍ បង្ក្រាបករណីល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន
៣៖ បន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីកំណត់មុខសញ្ញាល្មើស និងចុះបិទទីតាំងដែលប្រកបមុខរបរប្រភេទនេះ។

បើតាមលោកវេជ្ជ.មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ដើម្បីបង្ការកុមារ និងយុវជនកុំឱ្យចាប់ផ្ដើមប្រើប្រាស់ ឬបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិក អាជ្ញាធរពាក់ព័ន្ធគួរតែមានយន្តការផ្លូវច្បាប់បន្ថែម ដើម្បីដាក់ទោសទ័ណ្ឌដល់អ្នកលក់បារីអេឡិចត្រូនិក និងអន្តរាគមន៍លើការហាមឃាត់កាតនាំចូលបារីអេឡិចត្រូនិក ពីព្រោះថា បើគ្មានការនាំចូល ក៏គ្មានការប្រើប្រាស់ដែរ។

គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី (HTPs) ត្រូវបានហាមឃាត់ប្រើប្រាស់ ចែកចាយ ធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា នេះបើយោងតាមសេចក្ដីណែនាំស្ដីពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះឆ្នាំ២០១៤ និងឆ្នាំ២០២១៕