(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ បានចំណាយពេលលេងកូនគោល នៅខេត្តសៀមរាប មុនពេលជួបមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនាពេលរសៀល និងស្អែកបន្តដំណើរទៅខេត្តកំពង់ធំទៀត។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងនៅមុននេះបន្តិច។
Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ឲ្យដឹងថា «សុំពេលមួយព្រឹកវាយកូនគោល នៅខេត្តសៀមរាប មុនពេលជួប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅរសៀលនេះ និងស្អែកបន្តដំណើរទៅខេត្តកំពង់ធំ»។
គួរបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានចូលរួមកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាតមួយកន្លែង នៅខេត្តបាត់ដំបង និងបន្តដំណើរទៀតទៅ ខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ។
ក្រោយមកទៀត សម្តេចក៏បានបន្តដំណើរ មកកាន់ខេត្តសៀមរាប ដើម្បីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋបន្ថែមទៀត ចុងក្រោយនោះ សម្តេច នឹងបន្តដំណើរទៅខេត្តកំពង់ធំទៀត។ ជាខេត្តចុងក្រោយ នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ។
ទោះបីជាឆ្លងកាត់ដំណើរទស្សនកិច្ច ដ៏វែងឆ្ងាយរួមមក សម្តេចតេជោ ហ៊ុន សែន ក៏មិនបានភ្លេចហាត់ប្រាណ ដើម្បីសុខភាពឡើយ គឺនៅព្រឹកនេះសម្តេចបាន លេងវាយកូនគោល នៅខេត្តសៀមរាប។ ជាទូទៅសម្តេចតេជោ ហ៊ុន សែន តែហាត់ប្រាណ និងលេងវាយកូនគោល ជារៀងរាល់ចុងសប្តាហ៍ ពោលគឺនៅថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យ ដើម្បីសុខភាពរឹងមាំ៕