(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ បានបង្ហោះវិដេអូសារជាថ្មីរបស់លោក នៅលើបណ្តាញសង្គម Facebook ស្តីពីបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំជាមួយ សភាសហគមន៍អឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ។ វិដេអូដែលលោក សម រង្ស៊ី បង្ហោះថ្មីនេះ ត្រូវបានកាត់អស់ជាច្រើននាទីពី ៤៖៤៦នាទី មកត្រឹមតែ ៤២វិនាទីប៉ុណ្ណោះ ដោយលោកបានភ្ជាប់សារថា «វីដេអូដ៏ខ្លីនេះជាភ័ស្តុតាងដែលបង្ហាញថា រដ្ឋាភិបាលកំពុងតែភូតកុហកប្រជាពលរដ្ឋ ជាពិសេសកម្មករ ដោយមួលបង្កាច់ខ្ញុំ ថាខ្ញុំបានស្នើសហគមន៍អឺរ៉ុបឲ្យបិទទីផ្សារសម្រាប់សម្លៀកបំពាក់ ដែលនាំចេញពីប្រទេសកម្ពុជា។ វីដេអូនេះ ជាការថតសម្លេងនៅពេលដែលខ្ញុំនិយាយជាភាសាបារាំង នៅចំពោះមុខតំណាងរាស្ត្រសភាអឺរ៉ុប កាលពីថ្ងៃ ១៣ កក្កដា ២០១៦។ បន្ទាប់ពីបញ្ជាក់ថា ក្រុមហ៊ុនកាត់ដេរ នៅប្រទេសកម្ពុជា ចំណេញលុយច្រើនណាស់ ហើយមួយផ្នែក នៃប្រាក់ចំណេញនេះ ត្រូវផ្ទេរជាសំណូកសូកប៉ាន់ឲ្យទៅមេដឹកនាំពុករលួយនៅស្រុកយើង ខ្ញុំក៏បានលើកឡើងថា៖ "បើអស់លោកអ្នកតំណាងរាស្ត្រសភាអឺរ៉ុប ធ្វើឲ្យអាជ្ញាធរប្រទេសកម្ពុជាយល់ថា ទីផ្សារសម្លៀកបំពាក់នេះ មិនមែនបើកចំហជានិច្ចកាល ដោយគ្មានលក្ខខណ្ឌនោះទេ ពួកគេទាំងនោះអាចចាប់ផ្តើមគិតគូរពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។" ដូច្នេះ ខ្ញុំមិនបានអំពាវនាវទាល់តែសោះ ឲ្យសហគមន៍អឺរ៉ុបបិទទីផ្សាររបស់គេតែម្តង»។
សូមជំរាបថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ វិទ្យុបារាំងអន្តរជាតិ RFI ដែលមានជំនាញភាសាបារាំង ផ្សាយជាភាសាខ្មែរ បានចុះផ្សាយអំពីការផ្តល់គំនិតរបស់លោក សម រង្ស៊ី ដោយដាក់ចំណងជើងធំៗនៅលើគេទំព័ររបស់ខ្លួនដែរថា «លោកសម រង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារ នាំចេញសម្លៀកបំពាក់ ហើយបើកវិញ ជាមួយលក្ខខណ្ឌ»។ វិទ្យុនេះ ក៏បានដកស្រង់សម្តីរបស់ លោក សម រង្ស៊ី ជាភាសាបារាំង (វិដេអូពេញ ៤៖៤៦នាទីបង្ហោះលើកទី១) ហើយបកប្រែជាភាសាខ្មែរថា «ប្រធានគណបក្សសង្រ្គោះជាតិ ថាបើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់នេះ គឺមិនមែនកម្មករ ឬប្រជាជនតូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់។ លោកបន្តថាឈ្មួញធំៗ ទាំងអស់នោះ ហើយដែលសូកលុយមួយចំណែកធំទៅឲ្យគណបក្សកាន់អំណាច។ លោក សម រង្ស៊ី បញ្ជាក់បន្តថា ហេតុដូចរៀបរាប់ខាងលើនេះ បើសហភាពអឺរ៉ុប បិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ មិនចេះតែបើកទេ គឺត្រូវមានភ្ជាប់ជាមួយលក្ខខណ្ឌផងដែរ។ បើសភាពអឺរ៉ុប ធ្វើដូច្នេះ រដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើមពិចារណាឡើងវិញ»។
សូមស្តាប់សម្លេងការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅថា៖ «លោកសម រង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារ នាំចេញសម្លៀកបំពាក់ ហើយបើកវិញ ជាមួយលក្ខខណ្ឌ»៖