(ពោធិ៍សាត់)៖ រថយន្តដឹកកុងតឺន័រដឹកទំនិញ បានបុកគូថរថយន្តហ៊ីណូ ដឹកទំនិញដូចគ្នាពេញមួយទំហឹង ដែលខូចចតលើចញ្ចើមផ្លូវស្របទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ នៅម៉ោង ១២៖២២នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៩ និង១៥០។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីរថយន្តកុងទឺន័រដឹកទំនិញ ម៉ាកហ៊ីណូ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ តាកែវ 3A-1837 បើកបរដោយឈ្មោះ ជា សិលា អាយុ៣២ឆ្នាំ ភេទប្រុស សញ្ជាតិខ្មែរ រស់នៅភូមិឡត៏ឥដ្ឋ ឃុំព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្រវាំងភ្លើងហ្វារថយន្តមួយភាំង ក៏ជ្រុលទៅបុកជាមួយ រថយន្តដឹកទំនិញ ម៉ាកហ៊ីណូ ពណ៌ប៉ៃតង ពាក់ស្លាកលេខ ស្វាយរៀង 3A-0853 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ដែលខូចចតលើចិញ្ចើមផ្លូវ ក្នុងទិសដៅពីលិចទៅកើតដូចគ្នា។
លោកអធិកាបានបន្តថា ក្រោយពេលកើតហេតុកម្លាំងរបស់អធិការស្រុក និងកម្លាំងមូលដ្ឋាន បានចុះជួយអន្តរាគមន៍ ស្ទូចរថយន្តកុងតឺន័រ ចេញជៀសវាងការកកស្ទះចរាចរណ៍ និងបង្កឲ្យមានករណីគ្រោះថ្នាក់ជាយថាហេតុបន្តទៀត។ ដោយឡែកជនរងគ្រោះ ឈ្មោះ ជា សិលា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់៕