(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅអគារពិព័រណ៌ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ»។
នៅក្នុងឱកាសនៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិពរណ៍វឌ្ឍនភាពវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងស្ថាប័ន, វិស័យឯកជន និងដៃគូអភវិឌ្ឍនានា ជាពិសេសស្នាដៃនិស្សិតផលិតជា Drone, Robot និងឧបករណ៍បច្ចេកទេសទំនើបៗ ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ អញ្ជើញជាអធិបតីដោយបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
តាមរយៈកម្មវិធីរយៈពេល២ថ្ងៃនេះ ក៏មានការធ្វើបាឋកថាពីវាគ្មិនល្បីៗ ពាក់ពន្ធនឹងការសិក្សារៀនសូត្រ និងការចូលបម្រើការងារ ដូចជាព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្ដាំវត្តនិគ្រោធវ័នគល់ទទឹង, អ្នកឧកញ៉ា គួច ម៉េងលី និងលោកគ្រូ ឃឹម សុខហេង ជាដើម។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់អំពីសារៈសំខាន់ នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវេទ (TVET)» ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
សម្រាប់ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៣ ប្រព្រឹត្តទៅក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ” ដោយប្រធានបទនេះ ស្របតាមបរិបទ នៃសង្គមបច្ចុប្បន្ន ជាពិសេសប្រជាពលរដ្ឋម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត៕