(សៀមរាប)៖ គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧របស់ខ្លួន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
កិច្ចប្រជុំបច្ចេកទេសនេះស្ថិតក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានបារាំង និងជប៉ុន ជាសហប្រធាន។ សហប្រធាននៃកិច្ចប្រជុំពេលនេះ មានលោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពី លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។
កិច្ចប្រជុំបច្ចេកទេសថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ គណ:កម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ បានពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦ និងកិច្ចប្រជុំពេញអង្គទី២៩ នៅខែធ្នូ ឆ្នាំ ២០២២ កន្លងមក ព្រមទាំងពិនិត្យរបាយការណ៍សកម្មភាពក្រុមបច្ចេកទេស ការជួសជុល និងការអភិរក្ស។
ចំពោះរបាយការណ៍ដែលបានពិនិត្យក្នុងកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងចំពោះសកម្មភាពរបស់គណកម្មាធិការចំពោះកិច្ច (AdHoc) ដែលបានចុះតាមការដ្ឋាន ចាប់តាំងពីថ្ងៃទី៧-១១ ខែមិថុនា ២០២៣ ហើយរបាយការណ៍នានានឹងដាក់បញ្ចូលទៅក្នុងកិច្ចពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែក ទី១៣ ខែមិថុនា ឆ្នាំ២០២៣៕