(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO ) នឹងរៀបចំ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព» ដោយផ្តល់ឱកាសការងារសរុបប្រមាណ ៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗជិត៣០ រយៈពេលពីរថ្ងៃ គឺពីថ្ងៃទី១៣-១៤ ខែមិថុនា នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់។
កញ្ញា មុន្នី វាចាសា អ្នកគ្រប់គ្រងកិត្តិនាមនិយោជកធនាគារ ABA លើកឡើងថាពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នឹងផ្តល់ឱកាសកាងារល្អៗ និងផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារនៅក្នុងសិក្ខាសាលាទៀតផង។
កញ្ញា បន្ថែមថា តាមរយៈការចូលរួមកន្លងមកជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅក្នុងវេទិកា ឬពិព័រណ៍ការងារ ធនាគារ ABA ទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយមាន សិស្ស និស្សិត និងយុវជនជាច្រើនបានចូលរួមក្នុងកម្មវីធី ក៏ដូចជាបានដាក់ពាក្យរកការងារ ទាំងការដាក់ពាក្យផ្ទាល់ និងការដាក់តាមប្រព័ន្ធអនឡាញ។
ក្រៅពីទទួលបានឱកាសការងាររាប់ពាន់កន្លែងក្នុងមុខតំណែងខុសៗជាច្រើន យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារ ក៏អាចទទួលបាននូវគន្លឹះអំពីការត្រៀមខ្លួនចូលទីផ្សារការងារ នៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលមានការចូលរួមពីសំណាក់វាគ្មិនជំនាញជាច្រើនរូបទៀតផង។
សម្រាប់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារដែលមានបំណងចូលរួមដើម្បីស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យតាមមុខតំណែងក្នុងក្រុមហ៊ុនដែលជាក្តីស្រមៃ។
ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈ ០១៧ ៤៦៧ ៤២៣/០១៧ ៨៧១ ៨០៧/០៩៦ ២១៥៥ ១៦២៕