(បន្ទាយមានជ័យ)៖ លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរស្ថាប័នចុះទស្សនកិច្ចសិក្សាក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបូរីរ៉ាម ព្រះរាជាណាចក្រថៃ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងអប់រំ យុវជន និងកីឡា, តំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងក្រុមហ៊ុន Prime Solar Power ដែលជាម្ចាស់ឧបត្តម្ភសម្រាប់គម្រោងសាកល្បងសម្រាប់សាលារៀនចំនួន ក្នុងខេត្តបន្ទាយមានជ័យ។
ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំ និងសម្របសម្រួល ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អង្គការសម្ព័ន្ធចក្ខុវិស័យសង្គមកិច្ច និងសមាគម អភិវឌ្ឍន៍ ប្រជាជន និងសហគមន៍ ដែលជាអង្គការមានទីតាំងក្នុងព្រះរាជាណាចក្រថៃឡង់ ក្នុងគោលបំណងដើម្បី ស្វែងយល់ និងដកស្រង់បទពិសោធន៍ពីការបំផុសចលនារបស់សាលារៀប វត្តអារាម មន្ទីរពេទ្យ និងសហគមន៍ ក្នុងការអប់រំ បណ្តុះបណ្តាលជំនាញ បច្ចេកទេស ក្នុងការដាំដុះបន្លែ ដោយមានការចូលរួមពីសិស្ស គ្រូពេទ្យ ប្រជាជន ចាស់ជរា និងព្រះសង្ឈ ដែលបង្កើតបានទៅជាមុខរបរមួយសម្រាប់ជួយទ្រទ្រង់ដល់ជីវភាពរស់ប្រចាំថ្ងៃ និងក្រុមគ្រួសារ ហើយថែមទាំងកាត់បន្ថយនូវភាពក្រីក្រទៀតផង។
គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចសាលារៀនចំនួន ០២ ក្នុងខេត្តបន្ទាយមានជ័យ គឺសាលាសាមគ្គីមានជ័យ និងសាលាសន្តិភាព និងវត្តស្រះត្រាច ដែលជាទីតាំងសម្រាប់អនុវត្តគម្រោងសាកល្បងនេះ។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យ គណៈប្រតិភូបានបន្តដំណើរទៅទស្សនកិច្ចនៅខេត្តបូរីរ៉ាម ព្រះរាជាណាចក្រថៃឡង់ ដោយបានទៅមន្ទីរ វត្ត សាលារៀន និងសហគមន៍ អំពីការដាំដុះបន្លែ និងការជំរុញលើកទឹកចិត្តក្នុងារបង្កើតនូវបំនិនជីវិត និងការប្រកបមុខរបរតាមរយៈការផ្តល់នូវកម្ចីសម្រាប់បើកអាជីវកម្ម។ ជាពិសេសទៅទៀតនោះគឺការចូលរួមរបស់ប្រជាពលរដ្ឋ ចំពោះសកម្មភាពសង្គម សហគមន៍ ដូចជាការចូលរួមក្នុងការដាំដុះបន្លែនៅតាមមន្ទីរពេទ្យ សាលា រៀន វត្តអារាម និងដីសហគមន៍ជាដើម ដោយមិនបានទុកឲ្យដីទំនេរនោះទេ ហើយថែមទាំងទទួលបានប្រាក់ចំណូល និងសោភណ្ឌភាពទៀតផង។ ជាមួយគ្នានោះដែលក៏មានការជួយដល់ជនចាស់ជរា ដែលលំបាកគ្មានទីពឹង បានរៀបចំចងក្រងជាក្រុម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនពួកគាត់ ដូចជាការដាំដុះដំណាំ ដេរខ្នោយ ធ្វើនំ និងម្ហូបអាហារសម្រាប់លក់ក្នុងសហគមន៍ ដោយវត្តអារាម ជាអ្នកផ្តល់នូវប្រាក់កម្ចីសម្រាប់ពួកគាត់។ តាមរយៈគម្រោងទាំងអស់ខាងលើយើងឃើញថាពិតជាបានចូលរួមចំណែកលើកកម្ពស់ប្រាក់ចំណូលរបស់ពួកគាត់។
តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ លោក សំហេង បុរស ប្រធានគណៈប្រតិភូ មានសង្ឈឹម និងជឿជាក់ថាសាលារៀនទាំង០២ របស់កម្ពុជា (សាលារៀនសាមគ្គីមានជ័យ និងសាលារៀនសន្តិភាព) នឹងអាចយកមកអនុវត្តបាន ហើយទទួលបានលទ្ធផលល្អ ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ៕