(ភ្នំពេញ)៖ លោក គី តិច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានរំលឹក និងណែនាំដល់សមាជិក-សមាជិកាគណបក្សក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យចុះបម្រើ និងយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋបន្ថែមទៀតឲ្យបានដូចជាភ្លៀងរលឹម បើទោះបីជាពលរដ្ឋខ្លះមាននិន្នាការផ្សេងក៏ដោយ។
ក្នុងឱកាសអញ្ជើញ ចុះសំណេះសំណាល និងថ្លែងអំណរគុណដល់សប្បុរសជន សមាជិក-សមាជិកាគណបក្សប្រជាជន និងយុវជនស្ម័គ្រចិត្តប្រមាណ២៥០នាក់ ដែលបានខិតខំជួយនិងបម្រើដល់គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅឃុំក្រាំងធ្នង់ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក គី តិច បានលើកឡើងថា ក្នុងនាមយើងជាមន្រ្តីគណបក្ស និងជាអ្នកបម្រើដល់ពលរដ្ឋយើងគប្បីត្រូវយក ចិត្តទុកដាក់ដល់ពួកគាត់បន្ថែមទៀត ដោយមិនត្រូវគិតថាពួកគាត់មាននិន្នាការទៅរកគណបក្សណានោះ ទេ ហើយមួយវិញទៀតត្រូវពន្យល់ និងណែនាំពួកគាត់កុំឲ្យស្តាប់ និងធ្វើតាមការញុះញង់របស់ជនមួយក្តាប់ តូចដែលតែងតែអុចអាល ក្នុងគោលបំណងឲ្យមានភាពវឹកវរ និងអសន្តិសុខក្នុងសង្គមជាតិជាដើម។
លោកប្រធានក្រុមការងារឃុំក្រាំងធ្ងន់ ក៏បានផ្តាំផ្ញើដល់សមាជិក-សមាជិកាគណបក្សប្រជានកម្ពុជា និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំនេះទាំងអស់ចូលរួមការពារសន្តិភាព និងការពារអភិវឌ្ឍន កុំជឿ កុំធ្វើតាម និងកុំស្តាប់តាមការញុះញង់ពីជនអគតិមួយក្តាប់តូចដែលដែលចិញ្ចឹមចិត្ត ចង់តែបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃនេះ និងស្នើឲ្យបងប្អូនជាសមាជិក-សមាជិកាព្រមទាំងប្រជាលរដ្ឋទាំងអស់បន្តចូលរួមគាំទ្រគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងខិតខំធ្វើការងារប្រកបមុខរបរទៅតាមជំនាញ និងវិជ្ជាជីវៈរបស់ខ្លួនដើម្បីជំរុញនិងបង្កើនជីវភាពរស់នៅជាដើមនោះ។
នៅក្នុងឱកាសនោះដែរ លោក គី តិច ក៏បានបន្តណែនាំដល់សមាជិក-សមាជិកាទាំងអស់ត្រូវចុះដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីស្នើដល់ពួកគាត់ពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ច ឲ្យបានទាន់ពេលវេលា និងសូមអញ្ជើញ និងប្រាប់ពួកគាត់បន្ថែមទៀតឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នាពេល ខាងមុខនេះផងដែរ។
បើតាមលោក ឈិត បូរ៉ាវុធ អនុប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់បានថ្លែងថា បងប្អូនប្រជាពលរដ្ឋក៍ដូចជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំក្រាំងធ្នង់ទាំងអស់គឺបានយល់ច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលយកចិត្តទុកដាក់ ដឹងសុខទុក្ខប្រជាជន ប្រជាពលរដ្ឋ តួយ៉ាងមន្រ្ដីដែលចុះជួយភូមិក្រាំងធ្នង់គឺបានចុះដល់មូលដ្ឋានបម្រើបងប្អូនប្រជាពលរដ្ឋអស់ពីសមត្ថភាព ប្រើបេះដូងពិតប្រាកដមិនមែនទៅតែពេលរដូវបោះឆ្នោតទេ ហើយប្រជាពលរដ្ឋគាត់គោរពស្រឡាញ់យើង ស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់គណបក្សប្រជាជនកម្ពុជានិងចង់ឲ្យលោក ហ៊ុន ម៉ាណែត បន្តវេនជានាយករដ្ឋមន្ត្រីដើម្បីប្រទេសជាតិ មានសន្តិភាព មានការអភិវឌ្ឍស្រុកទេស ។ដូចនេះហើយគាត់នៅតែគាំទ្រនិងបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជាជារៀងរហូតដើម្បីឲ្បបានដឹកនាំប្រទេសបន្តទៀត។
លោក ឈិត បូរ៉ាវុធ បានលើកឡើងផងដែរថា ក្រុមការងារដែលបានចុះ ទៅមូលដ្ឋាននាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ គឺយើងនៅតែប្រើបេះដូងគោរពស្រលាញ់ដល់បងប្អូនប្រជាពលរដ្ឋដោះស្រាយជូនដល់ពួកគាត់ ពេលដែលពួកគាត់ជួបការលំបាក និងបញ្ហាផ្សេងៗ ឥតឈប់ឈរ៕