(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ បានធ្វើការស្រាវជ្រាវរហូត​ តាមចាប់ក្រុមចោរប្លន់ម្នាក់ទៀត ក្រោយពីបក្ខពួករបស់ពួកគេ៣នាក់ ត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗនេះ ដូច្នេះនៅសល់២នាក់ ដែលកំពុងរត់គេចខ្លួននៅឡើយ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ នៅថ្ងៃនេះយើង បានចាប់ខ្លួនជនសង្ស័យម្នាក់ និងម៉ូតូមួយគ្រឿងដែលជាប់ពាក់ព័ន្ធ ករណីប្លន់ប្រដាប់អាវុធ នៅក្នុងរាជធានីភ្នំពេញ និងប្លន់ក្នុងដីរបស់លោក កាលពីពេលថ្មីៗនេះ។

ជនសង្ស័យរូបនេះមាន​ឈ្មោះ ​តូ​ រ៉ាណូ ​ហៅ​ពៅ អាយុ១៧ឆ្នាំ ​ត្រូវ​បាន​កម្លាំង​ជំនាញ​ តាម​ស្រាវ​ជ្រាវ​ប្រដេញ​តាម​បង្ក្រាប ​ចាប់​ខ្លួន​បាន​ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦​ត្រង់​ចំណុច​សាលា​រៀន​ទឹក​ល្អក់​តាម​ផ្លូវ​២៥៣​ភូមិ​៤ សង្កាត់​ទឹក​ល្អក់​៣​ខណ្ឌ​ទួលគោក ។

សូមបញ្ជាក់ថា ក្រុមចោរប្លន់ប្រដាប់អាវុធ៣នាក់ ក្នុងចំណោមបក្ខពួកផ្សេងទៀតនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការដេញបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធបានចំនួន៣នាក់ រហូតមានការបាញ់គំរាមមួយគ្រាប់ នៅខាងក្រោយវត្តពោធិចិនតុង សង្កាត់កាកាប។

ក្រុមចោរប្លន់ទាំងនេះ បានបាញ់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិគោកចំបក់ សង្កាត់ចោមចៅ ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ រងរបួសទៀតផង ដោយសារតែក្រុមចោរវាយ នឹងស្នាប់កាំភ្លើង។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយមានករណីប្លន់នេះកើតឡើងភ្លាម កម្លាំងនគរបាលរបស់ លោកក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ស្នងការ បានបើកការស្រាវជ្រាវ និងសើុបអង្កេតភ្លាមៗ យ៉ាងយកចិត្តទុកដាក់ រហូតនៅព្រឹកនេះ បានជួបពួកគេ ក៏ដេញបង្ក្រាបបាន៣នាក់ ដកហូតម៉ូតូមួយគ្រឿង និងកាំភ្លើងខ្លីមួយដើមផងដែរ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ មានករណីប្លន់ម៉ូតូមួយលើកបណ្តាលឲ្យបាត់បង់ម៉ូតូមួយគ្រឿងម៉ាកC125ពណ៌ខ្មៅសេរីឆ្នាំ2015ពាក់ស្លាកលេខស្វាយរៀង1H2542។

ជនរងគ្រោះឈ្មោះ៖
១-ឃឹម អូន ភទប្រុស អាយុ២៦ឆ្នាំ ស្រុកំណើតស្រុកបារាយខេត្តកំពង់ធំសព្វថ្ងៃ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ រងរបួសស្រាលដោយចោរវាយ និងស្នាប់កាំភ្លើង។
២-ខៃ ពិសិដ្ធ ភេទប្រុស អាយុ២៤ឆ្នាំស្នាក់នៅ បន្ទប់ជួលជាមួយគ្នា ពួកគេទាំង ២នាក់មានមុខរបរជាកម្មកររោងចក្រ។

មុនពេលកើតហេតុជនរងគ្រោះ ធ្វើដំណើរមកពីមន្ទីរពេទ្យ គន្ធបុប្ផាមើលក្មួយឈឺ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យគ្នាបួននាក់ម៉ូតូ២គ្រឿង ដែល មួយគ្រឿងម៉ាក C១២៥ ពណ៌ខ្មៅមិនចាំស្លាកលេខ និងមួយគ្រឿងទៀត មិនស្គាល់ម៉ាកបាន ជិះតាមពីក្រោយរួចធ្វើសកម្មភាព វាយពីក្រោយរួចបាញ់មួយគ្រាប់ឡើង លើរួចយកម៉ូតូគេចខ្លួនបាត់តែម្តង។ សម្រាប់ជនសង្ស័យរូបនេះ កំពុងស្ថិតកក្រោម ការសួរនាំ និងចាត់វិធានការតាមនីតិវិធី៕