(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដោយបាននាំយកគ្រឿងឧបភោគបរិភោគ មាន មី អង្ករ ទឹកត្រី ទឹកស៊ីអុីវ ត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតជាច្រើនគ្រួសារ រស់នៅភូមិសំរោងជើង ក្នុងមូលដ្ឋានសង្កាត់សំរោង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅ មានលោក ធឹម សំអាន ដឹកនាំ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ពិសេសអ្នកដែលមានជីវភាពទីទ័លក្រ និងជនចាស់ជរា គ្មានទីពឹង។
មានមតិទៅប្រជាពលរដ្ឋតាមខ្នងផ្ទះ លោក ធឹម សំអាន បានលើកឡើងថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
នាឱកាសនោះ លោកអភិបាលខណ្ឌព្រែកព្នៅ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏សូមឱ្យគ្រួសារទាំងអស់មេត្តាខិតខំថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តវិធានការបង្ការ និងការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកបានបន្តថា តាមការណែនាំពីលោក ឃួង ស្រេង បានលើឡើងថា មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់មើលប្រជាពលរដ្ឋរបស់ខ្លួនអោយបានគ្រប់ជ្រុងជ្រោយ មានន័យថា នៅពេលពួកគាត់មានបញ្ហាខ្វះខាតត្រូវផ្តល់ជូនពួកគាត់ភ្លាម ពិសេសមើលប្រជាពលរដ្ឋ ដែលនៅក្នហងមូលដ្ឋានជាមួយយើងនេះតែម្តង យើងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារឡើយ៕