(កែប)៖ លោក ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជានាយកក្រុមជំនុំបេសកកម្មដំណឹងល្អ សហការជាមួយក្រុមហ៊ុន (ប៊ីម៉ារៀលអ៊ីស្តេត) Bema Real Estate co.Ltd ផ្ដល់អណ្ដូងស្នប់ទឹកស្អាតអាហ្វ្រ៊ីដេសចំនួន១០អណ្ដូងដល់ប្រជាពលរដ្ឋខេត្តកែប នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
លោក ខាន់ ខុន បាននាំនូវការផ្ដាំសួរសុខទុក្ខពីលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់ការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដូចជាបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ គឺជាការឧបត្ថម្ភគាំទ្រពីសមាគមបេសកកម្មដំណឹងល្អរួមជាមួយក្រុមហ៊ុនឯកជន និងការរួមសហការរបស់គ្រិស្តបរិស័ទក្នុងប្រទេស និងក្រៅប្រទេសបានបរិច្ចាគចូលរួមជាការអធិដ្ឋាន និងចូលជាថវិកាតាមរយៈលោកផ្ទាល់ក្នុងការចុះជួយដល់ប្រជាជនក្នុងប្រទេសកម្ពុជា ទៅតាមលទ្ធភាពដែលមានចូលរួមជួយដល់រាជរដ្ឋាភិបាលដើម្បីបង្កើនការអភិវឌ្ឍ។
ម្យ៉ាងវិញទៀត សកម្មភាពទាំងនេះក៏ជាការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការបង្កើនការអភិវឌ្ឍនៅតាមទីជនបទ និងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកបន្តថា ការផ្តល់អណ្តូងទឹកស្អាតនេះគឺជួយដល់ការរស់នៅក្នុងការប្រើប្រាសប្រចាំថ្ងៃ ជួយកាត់បន្ថយការទិញទឹកនៅរដូវប្រាំង ការទៅយកទឹកពីរកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាតជាដើម។
លោកបានផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឲ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតរបស់ក្រុមគ្រួសារ សង្គមជាតិ និងចូលរួមដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វដើម្បីបង្កើនជីវភាពគ្រួសារ។
លោក ខាន់ ខុន បានអំពាវនាវដល់ប្រជាពលរដ្ឋសូមត្រៀមឯកសារសម្រាប់ទៅចូលរួមទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់គ្នាដើម្បីជ្រើសរើសរកថ្នាក់ដឹកនាំដែលសិ្ថតនៅជាមួយនឹងពលរដ្ឋជានិច្ច ពិសេសការពារសុខសន្តិភាព នឹងធ្វើឲ្យជីវភាពប្រសើរឡើង។
ជាមួយគ្នានេះ អាជ្ញាធរដែនដី រួមជាមួយប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់លោក ខាន់ ខុន, ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត និងគ្រិស្តបរិស័ទក្នុងប្រទេសនិងក្រៅប្រទេស ដែលជួយបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកែបសូមជួបតែសេចក្តីសុខគ្រប់ពេលវេលា៕