(ភ្នំពេញ)៖ បណ្តាសហព័ន្ធកីឡានានា រួមមានសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា, សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា, សហព័ន្ធកីឡាទោចក្រយាន, សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា, សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា, សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា, សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា រួមទាំងសហព័ន្ធកីឡាផ្សេងៗទៀត បានចេញមកប្រកាសច្រានចោលទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការលើកឡើងដ៏អគតិបំផុតរបស់បុគ្គលឈ្មោះ ស ឡុងដេត ដែលជាមន្ត្រីជាន់ខ្ពស់នៃគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ស៉ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

បណ្តាសហព័ន្ធកីឡា ចាត់ទុកសំដីរបស់បុគ្គល ស ឡុងដេត ជាការបំផ្លើសខុសពីការពិតទាំងស្រុង ក្នុងគោលបំណង កេងចំណេញខាងនយោបាយបង្អួចកិត្តិយសសេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នយ៍លើកទី៣២ ឆ្នាំ២០២៣ និងជាពិសេសកិច្ចខិតខំប្រឹងប្រែង និងជោគជ័យដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលទើបត្រូវបានបញ្ចប់នាពេលថ្មីៗនេះ។

សូមជម្រាបថា បុគ្គលឈ្មោះ ស ឡុងដេត ដែលជាមន្ត្រីជាន់ខ្ពស់នៃគណបក្សភ្លើងទៀន បាននិយាយជាសាធារណៈ កាលពី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ប្រជុំមួយ នៅខណ្ឌប្ញស្សីកែវរាជធានីភ្នំពេញថា៖ «ស៊ីហ្គេម (រៀបចំដោយ គ.ជ.ប.អ.) ទាំងមូលមិនដែលបានបង្ហាញអំពីវប្បធម៌ ពីប្រពៃណី បង្ហាញពីសក្តានុពលនៃវប្បធម៌ សេដ្ឋកិច្ចរបស់ខ្មែរទេ...» និង «មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះបានទៅមើល (ព្រឹត្តិការណ៍ស៊ីហ្គេម) និង «អ្វីៗជារឿងក្លែងក្លាយទាំងអស់»

ការនិយាយគ្មានការពិតនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ និងក្រសួងទេសចរណ៍ រួមទាំងសហព័ន្ធកីឡាផ្សេងៗជាច្រើន បានចេញមកថ្កោលទោសលើបុគ្គល ស ឡុងដេតនេះ៕