(កំពង់ធំ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអំពាវនាវឲ្យបងប្អនទាំងអស់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងជ្រើសរើសគណបក្សណា ដែលបម្រើបងប្អូនប្រជាពលរដ្ឋពិតប្រាកដ និងជាគណបក្សដែលនៅជិតបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងជួយទុក្ខធុរៈ ព្រមទាំងអភិវឌ្ឍភូមិ-ឃុំឲ្យមានការរីកចម្រើន។
លោក ជា ចាន់តូ ធ្វេីឡេីងក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លង ព្រះវិហារវត្តបារាយណ៍ជាន់ដែក នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២៣ ។
លោក ជា ចាន់តូ បានលើកឡើងថា វត្តបារាយណ៍ជាន់ដែក ដែលមានអាយុកាល១២១ឆ្នាំហេីយក្នុងឱកាសនេះបានពាំនាំការសាកសួរសុខទុក្ខ និងនឹករឮកពីសម្ដេចប្រមុខទាំង២ គឺ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខប្រជាជនយើងជានិច្ច។
លោកបានបន្ដថា សម្តេចទាំង២នេះ ដែលបានធ្វើនូវកិច្ចការសំខាន់ៗ ធំៗ ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិយើងទាំងមូលគឺ៖ រំដោះប្រទេស ៧ មករា, ការពារការវិលត្រឡប់របបប្រល័យពូជសាសន៍, បង្រួបបង្រួមជាតិ, សន្ដិភាព និងអភិវឌ្ឍន៍។
លោកបានសូមចូលរួមសប្បាយរីករាយជូន ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងច្រើនកុះករក្នុងពិធីនេះ. ឆ្លុះបញ្ចាំងឲ្យឃើញពីជំនឿយ៉ាងខ្ជាប់ខ្ជួន និងការគោរពប្រតិបត្តិដ៏ប្រពៃចំពោះព្រះពុទ្ធសាសនា ហើយបានបង្ហាញនូវការគាំទ្ររបស់បងប្អូន ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែគិតគូរ យកចិត្តទុកដាក់ និងខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយរាល់ការលំបាក ក្នុងជីវភាពរបស់ប្រជាជន ជាពិសេសនៅតំបន់ជនបទ សំដៅសម្រេចកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស ព្រមទាំងបានខិតខំកសាងសមិទ្ធផលក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រដូចជា៖ វត្តអារាម ព្រះវិហារ សាលារៀន មន្ទីរពេទ្យ ផ្លូវគមនាគមន៍ ទឹកស្អាត អគ្គិសនី និងប្រព័ន្ធធារាសាស្រ្ត ។
លោក ជា ចាន់តូ បានបន្តថា សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ។
ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ទៅវិញទៅមក និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក។ ពុទ្ធចក្រជួយផ្នែកស្មារតី ផ្នែកខាងទស្សនវិជ្ជា ដោយសារមានពុទ្ធចក្រទើបអាណាចក្រអាចរុងរឿងបាន។
លោកបានបញ្ជាក់ថា ជាមួយគ្នានេះពុទ្ធចក្រ ក៏ពឹងពាក់ និងផ្ញើលើរដ្ឋអំណាចផងដែរ ក្នុងនោះដោយសារមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនេះហើយ ទើបជំនឿសាសនាមានភាពរុងរឿង។
ជាក់ស្តែងក្នុងរបប ប៉ុល ពត ខ្មែរក្រហម បានបំផ្លាញចោលស្ទើរទាំងសុ្រងនូវរចនាសម្ព័ន្ធ ក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រទាំងអគារ ទីផ្សារ រោងចក្រ សាលារៀន វត្តអារាម សាលាបាលី និងព្រះវិហារជាដើម។
លោក ជា ចាន់តូ បានបន្ថែមថា ខ្មែរក្រហមបានប្រែក្លាយសង្គមកម្ពុជាទៅជា សង្គមទាសភាពបុព្វកាល ពុទ្ធចក្រធ្លាក់ដល់ចំណុចសូន្យ បំបិទជំនឿសាសនា រីឯផ្នែកអាណាចក្រក៏បានធ្លាក់ដុនដាបផងដែរ។ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ យើងបានរៀបចំឲ្យមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានស្ថិរភាពនយោបាយ។ ប្រទេសកម្ពុជាយើងទទួលបានសុខសន្តិភាពពេញលេញ ក្នុងនោះរដា្ឋភិបាល មានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
អរគុណសន្តិភាព! មានសន្តិភាពទើបមានការអភិវឌ្ឍ ដូច្នេះ ដើម្បីបន្តនិរន្តរភាពបន្តទៀត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងជ្រើសរើសគណបក្សណាដែលបម្រើបងប្អូនប្រជាពលរដ្ឋពិតប្រាកដ និងជាគណបក្សដែលនៅជិតបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងជួយទុក្ខធុរៈ ព្រមទាំងអភិវឌ្ឍភូមិ-ឃុំឲ្យមានការរីកចម្រើន ។
លោកទេសាភិបាល បានបន្តទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ធនធានព្រះសង្ឃ ជាអាទិភាពចម្បង។
អ្នកប្រាជ្ញលោកបានចាត់ទុកថា សង្គមជាតិមួយដែលមានប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវព្រះពុទ្ធសាសនា មានព្រះសង្ឃមានចំណេះដឹងខ្ពង់ខ្ពស់ សង្គមជាតិនោះ នឹងមានសុខសន្តិភាពសណ្តាប់ធ្នាប់ សុខដុមរមនា ការអភិវឌ្ឍដ៏ល្អប្រសើរ វប្បធម៌ និងអរិយធម៌ នឹងថ្កុំថ្កើនរុងរឿង៕