(ភ្នំពេញ)៖ យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានសម្រេចបើកបណ្តុះបណ្តាលថ្នាក់បណ្ឌិត នារសៀលថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ ។

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការទ្រង់ព្រះបរមរាជាអនុញ្ញាតឲ្យលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីដំណើរប្រព្រឹត្តទៅរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងកម្មវិធីសិក្សាថ្នាក់បណ្ឌិត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី បណ្ឌិតសភាចារ្យ ស៊ុំ ឈុំឡុង ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា លោក ម៉ុក សារ៉ុម អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ ក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត អ៊ាន សំអាត អនុប្រធានក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ លោកបណ្ឌិត ម៉ុង មុនីសោភា ចៅក្រមសាលាឧទ្ទរណ៍ និងគណៈគ្រប់គ្រង និងលោកសាស្ត្រាចារ្យបណ្ឌិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាជាច្រើនរូបទៀត។

សូមជម្រាបជូនដែលថា កិច្ចប្រជុំនេះសម្រេចបានលទ្ធផលដូចតទៅ៖ ទី១. ជំនាញសិក្សាចំនួន ៩ គឺអក្សរសាស្ត្រខ្មែរ ទស្សនវិជ្ជា និងសាសនា វិទ្យាសាស្ត្រអប់រំ នីតិសាស្ត្រ​ រដ្ឋបាលសាធារណៈ រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ ទំនាក់ទំនងអន្តរជាតិ គ្រប់គ្រងធុរកិច្ច និងគ្រប់គ្រងធនធានមនុស្ស ទី២.កម្មវិធីសិក្សាលើជំនាញទាំង ៩ ទី៣. ពាក្យស្នើសុំចូលរៀន ទី៤. ពាក្យស្នើសុំសរសេរនិក្ខេបបទ ទី៥. បទបញ្ជាផ្ទៃក្នុងសម្រាប់និស្សិត និងសាស្ត្រាចារ្យ ទី៦. សេចក្តីសម្រេចតែងតាំង សាលាក្រោយឧត្តម និងសមាសភាពដឹកនាំ ទី៧. លក្ខខណ្ឌសិក្សា និងទី៨. ទម្រង់គម្រូនិក្ខេបបទថ្នាក់បណ្ឌិត។

ឆ្លងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យឃើញថា កិច្ចប្រជុំស្តីពីកម្មវិធីសិក្សាថ្នាក់បណ្ឌិតក្រោមអធិបតីភាព លោក ងួន ស្តេចភក្តី ទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ និងជោគជ័យជាប្រវត្តិសាស្ត្រ សម្រាប់វិស័យពុទ្ធិកសិក្សានៅព្រះរាជាណាចក្រកម្ពុជា៕