(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយសហការី នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ បច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសុវណ្ណមុនី ហៅវត្ដ ចំពុះក្អែក និងវត្ដប្រជុំនទី ហៅវត្ដក្រពើហា។

ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្ដទុកដាក់ គិតគូរខ្វល់ខ្វាយពីការខ្វះខាត ចំពោះព្រះសង្ឃនៅតាមទីវត្ដអារាម ជាពិសេសវត្ដអារាម ដែលមានសាមណសិស្សកំពុងសិក្សារៀនសូត្រផ្ទាល់តែម្ដង។ ដូច្នេះហើយទើបថ្ងៃនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យក្រុមការងារយើងខ្ញុំ នាំយកទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃ ដែលគង់ចាំព្រះវស្សា និងកំពុងបំពេញវិជ្ជានៅពុទ្ធិបឋមសិក្សា និងពុទ្ធិកវិទ្យាល័យ ក្នុងវត្ដចំពុះក្អែក និងវត្ដក្រពើហា ដែលមានសមណសិស្ស ជាង ២០០-៣០០អង្គ។

«ការនាំយកទេយ្យវត្ថុ បច្ច័យ ប្រគេនព្រះសង្ឃនៅវត្ដអារាមខាងលើនេះ គឺក្នុងមួយឆ្នាំចំនួនពីរដងជាទៀងទាត់។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនដែលភ្លេច និងគិតគូរជាប់ជានិច្ច»។ នេះតាមការបញ្ជាក់របស់លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ។

លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងទៀតថា សម្រាប់នាំយកទេយ្យវត្ថុ បច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្ដខាងលើនេះមាន៖ មី ៥០កេសតូច, ត្រីខ ៥កេស, ទឹកស៊ីអ៊ីវ ១០ឡូ, ទឹកត្រី ១០ឡូ, ទឹកក្រូច ១០កេស, ទឹកសណ្តែក ១០កេស, មៀនកំប៉ុន ២កេស, ទឹកបរិសុទ្ធអារុណា ១០កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, ស្ករស ២៥គីឡូក្រាម, តែ ៥គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម, អង្ករ និងបច្ច័យមួយចំនួន។ ក្នុងនោះប្រគេនព្រះចៅអធិការវត្ត នូវសាដក ១ និងបច្ច័យ ២លានរៀល។ ប្រគេនព្រះសង្ឃ ៤អង្គ ក្នុងមួយអង្គៗសាដក១ និងបច្ច័យ ២០ម៉ឺនរៀល។

ក្នុងឱកាសនោះ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅកម្ពុជា និងជាព្រះចៅអធិការវត្តចំពុះក្អែក ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងព្រះសិរីវិសុទ្ធិ វ័ន្ត វណ្ណោ ព្រះរាជាគណៈកិត្តិយស ព្រះលេខាធិការគណខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តក្រពើហារ ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា មិនថានៅពេលវេលាណានោះទេ តែងតែរមែងខ្វាយខ្វល់ ពីសុខទុក្ខផលពិបាកនានា និងជួយដោះស្រាយសម្រាលការខ្វះខាត ដល់ពលរដ្ឋគ្រប់គ្នា ជាក់ស្ដែងព្រះសង្ឃនៅតាមវត្ដអារាម ។លើសពីនោះគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើន។

សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង និង ព្រះសិរីវិសុទ្ធិ វ័ន្ត វណ្ណោ បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនោះក៏សូមឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះ វិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ផងដែរ៕