(ភ្នំពេញ)៖ អតីតក្រុមអង្គរក្សជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី បានប្រកាសច្រានចោលចំពោះការផ្សព្វផ្សាយនានារបស់ទណ្ឌិត សម រង្ស៉ី ដែលបានអំពាវនាវដល់អតីតអង្គរក្ស រួមទាំងអ្នកគាំទ្រខ្លួនចេញមកការពារនៅពេលធ្វើដំណើរចេញពីប្រទេសថៃ មកចូលមកកម្ពុជាវិញ។
អតីតអង្គរក្សរបស់ទណ្ឌិត សម រង្ស៉ី បានបញ្ជាក់ថា កន្លងមកពួកខ្លួនបានយកជីវិតទៅការពារទណ្ឌិត សម រង្ស៉ី ដោយមិនគិតពីជីវិត ប្រពន្ធ កូន ប៉ុន្តែ ទីបំផុតទណ្ឌិតរូបនេះបានរត់យកប្រាស់អាយុ ដោយមិនគិតពីសុខទុក្ខអង្គរក្ស ដែលការពារខ្លួននោះទេ។
«ព័ត៌មានដែលគេប្រមែលប្រមូលកម្លាំងយុវជន និងពួកដើម្បីទៅយកខ្លួនទៅពាំងលោក សម រង្ស៉ី ដោយធ្វើដំណើរតាមប្រទេសថៃនេះ ដែលធ្វើឱ្យជាប់គុក ប្រឆាំងច្បាប់របស់រដ្ឋាភិបាល អ៊ឹចឹងពួកខ្ញុំសូមប្រកាសដាចខាត គឺមិនចូលរួមដំណើរជាមួយលោក សម រង្ស៉ី ទេ ហើយសូមអំពាវនាវដល់បងប្អូនទាំងអស់ ជាពិសេសយុវជនដែលគាំទ្រគណបក្សសង្គ្រោះជាតិកន្លងមកនេះ សូមបងប្អូនកុំជឿនយោបាយញុះញង់ របស់ទណ្ឌិត សម រង្ស៉ី ទៀត ព្រោះពួកខ្ញុំ ផ្ទាល់ឆ្លងកាត់នៅជាមួយគាត់ ទីបំផុតពួកខ្ញុំគ្មានបានអីទេ គឺមានសូម្បីតែកូនប្រពន្ធស្ទើរតែរកបាយហូបមិនបាន»។
ក្រុមអតីតអង្គរក្សរបស់ទណ្ឌិត សម រង្ស៉ី ក៏បានបង្ហាញការហួសចិត្តចំពោះព័ត៌មាន បែបញុះញង់ដែលផ្សព្វផ្សាយដោយក្រុមទណ្ឌិត សម រង្ស៉ីនេះ។
ខាងក្រោមនេះជាវីដេអូរបស់អតីតអង្គរក្ស លោក សម រង្ស៊ី៖