(សៀមរាប)៖ លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប និងក្រុមការងារ បាននាំអ្នកវិនិយោគជនជាតិជប៉ុន លោក Nabeshima Katsuhito ប្រធានកសិដ្ឋានដាំបន្លែស្តង់ដាជប៉ុន ចុះទៅពិនិត្យទីតាំងគ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដាជប៉ុនលើផ្ទៃដី៧២ហិកតា ជំហានទី១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប នាចុងសប្ដាហ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣។

លោក Nabeshima Katsuhito បានឲ្យដឹងថា កសិដ្ឋាននេះ គឺជាបច្ចេកទេសថ្មី ហើយនិងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ។

លោកបញ្ជាក់ថា បច្ចុប្បន្ននេះមានអ្នកបញ្ជាទិញក្នុងមួយខែរហូតដល់៥០០តោនជារៀងរាល់ខែ។ ផែនការនេះមិនមែនលក់នៅក្នុងស្រុកនោះទេ គឺនាំចេញទៅក្រៅប្រទេស។ យើងត្រូវការបុគ្គលិកបង្គោលៗ ដើម្បីមើលថែដំណាំម្ទេសដែលមានគុណភាព និងស្តង់ដានាំចេញព្រមទាំងត្រូវការកម្លាំងកម្មករជាច្រើននាក់ក្នុងការប្រមូលផល កសិដ្ឋាននេះនិងជួយឲ្យប្រជាពលរដ្ឋនៅក្បែរៗនេះមានការងារធ្វើជារៀងរាល់ថ្ងៃ។

លោកបានបញ្ជាក់ថា កសិផលពីកសិដ្ឋានបន្លែជប៉ុននេះ គឺជាកសិផលដាំដុះដែលគិតគូរពីសុខភាពអ្នកទទួលទានជាចម្បង ហើយពិភពលោកស្គាលជប៉ុន មិនមែនបរិមាណទេ គឺជាគុណភាព ក្នុងនោះដែរមានការមកទស្សនកិច្ចសិក្សាពីបណ្ដាលអង្គការ ស្ថាប័នជាតិ-អន្តរជាតិ បានមកកាន់កសិដ្ឋានដាំដុះបន្លែរបស់ក្រុមហ៊ុនខាងគាត់ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដូចជាកន្លងទៅថ្មីៗនេះ មានព្រឹទ្ធបុរស និងនិស្សិតផ្នែកកសិកម្មនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) ជាដើម។ រាល់ចង្វាក់ផលិតដែលមានស្ថិរភាពបានផ្តល់ឲ្យឈានមុខគេលើការផ្គត់ផ្គង់ រួមផ្សំជាមួយនឹងបច្ចេកទេសនៃការផលិតក៏ផ្តល់នូវគុណភាពកសិផលដែលទទួលបានការទុកចិត្តពីអតិថិជនទូទាំងប្រទេស។

បន្ថែមពីនេះ កសិដ្ឋាននឹងបង្រៀនអំពីបច្ចេកទេសនៃការដាំម្ទេសឲ្យត្រូវនឹងស្តង់ដារនាំចេញទៅក្រៅប្រទេសជូនដល់ប្រជាកសិករ។ ចំពោះពលរដ្ឋដែលមានដីសម្រាប់ដាំដំណាំម្ទេស លោកសន្យាបង្រៀនទាំងផ្នែកបច្ចេកទេសផ្តល់ពូជ និងទទួលទិញនៅផលដំណាំរបស់ប្រជាកសិករផងដែរ។

លោកសង្ឃឹមថា កសិដ្ឋាននេះនិងក្លាយជាគំរូមួយ ដើម្បីឲ្យប្រជាកសិករ ដែលចង់ដាំម្ទេសអាចទៅសិក្សាស្រាវ និងរៀនសូត្រពីកសិដ្ឋានបាន។ យើងនឹងធ្វើមួយជំហានម្ដងមួយជំហានម្ដង កសិដ្ឋាននឹងដំដុះលើផ្ទៃដី៧២ហិកតា ជាជំហានដំបូង និងធ្វើជំហានបន្តបន្ទាប់ទៀត ដើម្បីតម្រូវទីផ្សារនៅក្រៅប្រទេស ដោយលោកជឿជាក់ថា ពេលដែលកសិដ្ឋាននេះបានដំណើរការយើងនឹងមានអ្នកបញ្ជាទិញផ្សេងៗទៀតកាន់តែច្រើនថែមទៀត។

លោកបានបញ្ជាក់ថា តម្រូវការ៥០០តោនក្នុងមួយខែ គឺយើងត្រូវការផ្ទៃដី២០០ហិកតា ទើបគ្រប់គ្រាន់សម្រាប់ផលិតឲ្យបាន៥០០តោនក្នុងមួយខែ ដើម្បីឲ្យផលដំណាំវិលជុំបាន ពិសេសត្រូវការចូលរួមពីប្រជាជននៅជុំវិញនោះ ផងដែរ។

លោកបានលើកឡើងថា កសិដ្ឋានមួយនេះអាចដំណើរការទៅបាន អាស្រ័យទៅលើការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទើបអាចដំណើរការទៅបានដោយរលូន និងទទួលបានសមិទ្ធិផលល្អប្រសើរ។ ទៅថ្ងៃអនាគត វានឹងបង្ហាញឲ្យពិភពលោកដឹងថា ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា គឺជាផលិតផលដែលមានគុណភាពខ្ពស់ ពិភពលោកនឹងទទួលស្គាល់ផលិផលរបស់កម្ពុជា ដែលដាំតាមស្តង់ដារបច្ចេកទេសហើយពេលចាប់ផ្ដើមផលិតបាន យើងក៏ចាប់ផ្ដើមកែច្នៃខ្នាតតូចៗមួយទៀត ទៅជាគ្រឿងទេស (ទឹកម្ទេស) នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសអាស៊ាន គឺចូលចិត្តទទួលទានស៊ុប ដូច្នេះពួកយើងនឹងកែច្នៃទឹកម្ទេសមួយដែលជាប្រភេទម្ទេសកសិកម្មដាំ នៅក្នុងទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប-អង្គរ មានន័យថា យើងនឹងមានទឹកម្ទេសកម្ពុជាដែលមានរស់ជាតិដ៏ឆ្ងាញ់ពិសា។

លោកបានបន្ថែមថា ការផលិតទ្រង់ទ្រាយធំបែបនេះ ក៏ដូចជាការផ្សព្វផ្សាយទាញទីផ្សារពិភពលោកឲ្យបានឃើញច្បាស់ពីប្រទេសកម្ពុជា ដែលអាចផលិតបាននៅផលិតផលដែលមានស្តង់ដា ពេលនោះនឹងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគធំៗមកវិនិយោគនៅក្នុងខេត្តសៀមរាបកាន់តែច្រើនបន្ថែមទៀត។ អ្វីដែលសំខាន់ផងនោះ គឺយើងត្រូវផលិត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារឲ្យបានទាន់ពេលវេលា ហើយនិងមានជារៀងរាល់ខែ បើគេត្រូវការរាលសប្តាហ៍ យើងផ្គត់ផ្គង់រាល់សប្តាហ៍ គេត្រូវការរាល់ខែ យើងផ្គត់ផ្គង់រាល់ខែ ពេលនោះនាក់បញ្ជាទិញនិងមកបន្ថែមទៀតជាក់ជាមិនខាន។

ហើយក្នុងនាមលោក ជាអ្នកជំនាញមួយរូប លោកដឹងថា បច្ចុប្បន្នជីកំពុងតែឡើងថ្លៃ ដូច្នេះ យើងអាចកែច្នៃវត្ថុធាតុដើមនៅក្នុងមូលដ្ឋានឲ្យទៅជាជី ដើម្បីប្រើប្រាស់នៅក្នុងមូលដ្ឋានផ្ទាល់ ដោយពុំបាច់នាំជីចូលពីក្រៅប្រទេស វានឹងកាត់បន្ថយថ្លៃដើមក្នុងការផលិត។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានកោតថ្លែងអំណរគុណ ចំពោះ លោក សោម សមស័ក្ក ដែលបាននាំនាក់វិនិយោគផ្នែកកសិកម្មមកវិនិយោគក្នុងមូលដ្ឋានស្រុកអង្គរធំ និងដឹងគុណ លោក Nabeshima Katsuhito ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ដែលបានមកវិនិយោគនៅក្នុងស្រុកអង្គរធំ នៃខេត្តសៀរាប។ លោកសង្ឃឹមថា កសិដ្ឋាននេះ និងជួយបណ្តុះបណ្តាលដល់ប្រជាកសិករឲ្យមានជំនាញតាមបច្ចេកទេស និងមានការងារធ្វើបានកាន់តែច្រើន។

គម្រោងនេះក៏មានការគាំទ្រពីសំណាក់លោកឯកអគ្គរាជទូតជប៉ុនផងដែរ ដោយលោកបានជំរុញលើកទឹកឲ្យបន្តអនុវត្តឲ្យកាន់តែធំតទៅមុខ៕