(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយដល់គ្រួសារសម្រាលកូនភ្លោះ៣ (ស្រីទាំង៣) មួយគ្រួសារ ទៀត ដែលកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត។

អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ អញ្ជើញនាំយកទៅប្រគល់ជូនគ្រួសារសម្រាលទារកភ្លោះ ៣នាក់ ជាគ្រួសារទី៣៩៨ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ។

អំណោយដ៏សប្បុរសទាំងនោះរួមមាន៖ ថវិកា ៥លានរៀល, អង្ករ ៥០គីឡូក្រាម ព្រមទាំងទឹកដោះគោ២កេស, ស្កស ៥គីឡូក្រាម និងសារុងផងដែរ។

គ្រួសារដែលទទួលបានអំណោយដ៏ថ្លៃថ្លានេះ ប្រសូត្រនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ជាកូនលើកលើកទី២ (កូនលើកទី១ ប្រុស) មានឪពុកឈ្មោះ គឹម រដ្ឋារ៉ានី អាយុ ៣០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត និងម្តាយឈ្មោះ ឡាយ សុធីដែត អាយុ ៣២ឆ្នាំ មុខរបរជាគិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យកាល់ម៉ែត មានទីលំនៅក្នុងដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នាឱកាសនោះ លោក សេង ទៀង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរ​សុខ​ទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ ហ៊ុន សែន និង​សម្តេច​​កិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹក​ចំពោះ​ប្រជាពលរដ្ឋនៅ​គ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។

លោក សេង ទៀង បានបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់​រាជរដ្ឋាភិបាល, អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែល​បម្រើឱ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជា​អំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការ​លំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះ៣ ឬ ៤នាក់។

អ្នកស្រី ឡាយ សុធីដែត បានបង្ហាញក្តីរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល​ចាត់​ទុកប្រជាពលរដ្ឋទីទ័លក្រក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេច​ទាំង​ទ្វេ។ អ្នកស្រី បានចាត់អំណោយរបស់សម្តេចតេជោ ជាចំណែកដ៏ធំជួយសម្រាល​ដល់​ការលំបាកក្នុងការចិញ្ចឹមបីបាច់ទារកភ្លោះទាំង ៣នាក់នេះ ឱ្យមានជីវិតរស់នៅ និងមាន​អនា​គតល្អដូចពលរដ្ឋដទៃទៀត ក្នុងសង្គមដ៏រីកចម្រើននេះ។

បើតាមលោក សេង ទៀង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន​នេះ ពោលគឺរយៈពេលជាង ២៣ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រ​ទារកភ្លោះ៣នាក់ ឬ ៤នាក់ ចំនួន ៣៩៨គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច៕