(ភ្នំពេញ)៖ លោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកក្រសួង ស្ថាប័នយុវជនគណបក្សប្រជាជនកម្ពុជាថា្នក់កណ្តាល បានដឹកនាំគណប្រតិភូក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាតាមក្រសួងស្ថាប័នទាំង៤១សរុបចំនួន២៧២នាក់ ទៅធ្វើទស្សនកិច្ចសិក្សា ស្វែង យល់បន្ថែម ពីប្រវត្តិស្នាដៃនៃវីជន ថ្នាក់នាំគណបក្សប្រជាជនកម្ពុជា នៅវិមានអនុ ស្សា វ រីយ៍ រណសិរ្ស២ធ្នូ ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានរយៈពេល២ថ្ងៃ ថ្ងៃទី១០ ១១ ខែមិថុនា ឆ្នាំ២០២៣។

ដោយបានទទួលស្វាគមន៍យ៉ាងកក់​ក្តៅ និងស្និទ្ធស្នាលបំផុតពីសំណាក់ លោក ស៊ុំ ជួន ប្រធានការិល័យគ្រប់គ្រងវិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ និងក្រុមការងារ និងបានធ្វើ​ចំណាប់​អារម្មណ៍រំលឹកឡើងវិញ​នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត បានកាប់សម្លាប់​ប្រជាជនខ្លួនឯងជាង ៣លាននាក់។ ទោះបីពេលវេលាកន្លងហួសទៅជិត ៤ទសវត្សរ៍​ក៏​ដោយ ក៏ប្រជាជនកម្ពុជានៅតែចងចាំមិនភ្លេច​នូវការឈឺចាប់ខ្លោច​ផ្សាធ្វើទារុណកម្ម​បង្អត់​អាហារ កាប់សម្លាប់យ៉ាងព្រៃផ្សៃធ្វើឱ្យប្រជាជនរងទុក្ខវេទនាបែកបាក់ព្រាត់​ប្រាស់​ប្តីប្រពន្ធ​កូនចៅ និងគ្រួសាររួមជាមួយហេដ្ឋារចនាសម្ពន្ធ័សង្គម ត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើរ គ្មាន​សល់ ក្នុងរបបឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប៉ុលពត។

ដោយមានការឈឺចាប់ជិៈជាន់កាប់សម្លាប់របស់ប៉ុលពត ទើបមានកម្លាំងអ្នកស្នេហា​ជាតិ បានរត់ចូលព្រៃបង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា​នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ​១៩៧៨ ដើម្បីវាយរំលំ រំដោះប្រជាជនកម្ពុជានិងប្រទេសជាតិចេញផុតពីរបបប៉ុលពត​រហូតទទួលបានជ័យជម្នះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយស្ដារកសាងប្រទេស ឡើងវិញពីបាតដៃទទេរហូតដល់មានអ្វីៗគ្រប់បែបយ៉ាង និងការអភិវឌ្ឍ និងរីកចម្រើន ដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

លោក ស៊ុំ ជួន បានឱ្យដឹងថា ថ្នាក់នាំគណបក្សប្រជាជនកម្ពុជា បានកសាងវិមាន​អនុស្សាវរីយ៍​រណសិរ្ស២ធ្នូ ជាទីតាំងជាប្រវត្តិសាស្រ្ត ដើម្បីរំលឹកពីប្រវត្តិស្នាដៃនៃវីរជន ស្នេហាជាតិជាច្រើនរូប ដែលបានធ្វើពលីកម្មដើម្បីបុព្វហេតុរំដោះជាតិ​មាតុភូមិចេញ​ពី​របបប្រល័យពូជសាសន៍ប៉ុលពត។

លោកប្រធានប្រតិភូ និងក្រុមការងារ បានអុជធូបរំលឹកគុណ និងគោរពវិញ្ញាណក្ខន្ធ ដល់វីរជនស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុសង្គ្រោះ និងការពារជាតិ​មាតុ​ភូមិ បន្ទាប់មកក្រុមការងារគណៈប្រតិភូ បានដាំដើមឈើទុកជាអនុស្សាវរីយ៍ និងពិសារ​បាយសាមគ្គីរួមគ្នាដោយភាពស្និទ្ធស្នាល និងដោយក្តីរីករាយបំផុត។

នៅពេលរសៀលថ្ងៃដដែល គណៈប្រតិភូ បានបន្តទៅសិក្សាស្វែងយល់ និងពិនិត្យ​មើល​សមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) ស្ថិតនៅឃុំទន្លូង​ស្រុក​មេមត់ខេត្តត្បូងឃ្មុំ ដែលជាទីតាំងប្រវត្តិសាស្រ្តនៃដំណើរឆ្ពោះទៅផ្ដួល​រំលំរបប​ប្រល័យពូជសាសន៍ប៉ុលពត របស់សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុក​ចិត្ត​៤នាក់ បានភៀសខ្លួនទៅវៀតណាមស្វែងរកការគាំទ្រជំនួយ​ឧបត្ថម្ភ ដើម្បីការកសាង​កម្លាំងប្រដាប់អាវុធកម្ពុជានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ប្រឈម នឹងគ្រោះថ្នាក់​រាប់រយ​ជំពូក ចាកចោលប្រពន្ធកូនជាទីស្រលាញ់ យកជីវិតធ្វើជាដើមទុន ដើម្បីរំដោះ​ប្រទេសជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X 16) បានកសាងឡើងនូវសមិទ្ធផលជាច្រើន​ក្នុងអត្ថន័យ និងគោលបំណងចារទុកប្រវត្តិសាស្រ្តសម្រាប់មនុស្ស​គ្រប់ជំនាន់ ជាពិ​សេ​ស​អប់រំយុវជន និងមនុស្សជំនាន់ក្រោយ ឱ្យបានដឹងនិងចងចាំនូវ​ព្រឹត្តិការណ៍ជាប្រវត្តិ​សាស្រ្តដែលប្រទេសកម្ពុជា បានឆ្លងកាត់នូវសោដនាកម្មដ៍ព្រៃផ្សៃបំផុត ។

រំលឹកដឹងគុណមគ្គុទេសក៍ឯក និងប្រតិបត្តិករឈ្នៈឈ្នៈ ប្រែក្លាយតំបន់ប្រវត្តិសាស្រ្ត​កោះ​ថ្ម​ឱ្យមានតម្លៃជារម្យណីយដ្ឋានបម្រើឱ្យវិស័យវប្បធម៌ទេសចរណ៍ សេដ្ឋកិច្ច ទំនាក់​ទំនង​មិត្តភាពរវាងប្រទេស និងប្រជាជនប្រទេសជិតខាងទាំងពីរកម្ពុជា និងវៀតណាម (តាម​ប្រសាសន៍របស់សម្ដេចតេជោ សែន ប្រែក្លាយសមរភូមិឱ្យទៅជាទីផ្សារកសាង​ព្រំដែន​សន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍ) ។

លុះព្រឹកឡើងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣គណៈប្រតិភូ បានបន្តមកទស្សនាវិមាន ឈ្នះឈ្នះ ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ពីសំណាក់នាយឧត្ត​មសេ​នី​យ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី ក្រសួងការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការ​បរទេស ក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានធ្វើបទបង្ហាញពីសំណង់វិមានឈ្នះឈ្នះ បាន​ចាប់​ផ្ដើមកសាងឡើងនៅឆ្នាំ២០១៦ លើទំហំដី ៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ (ប៉ែកខាងជើងរាជធានីភ្នំពេញ)​ដែលជានិមិត្តរូប​ នៃសុខសន្តិភាព​ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះ នឹងក្លាយជាមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាគោល​នយោបាយ​ដ៏​ធំ​មួយក្នុងការដឹកនាំប្រទេសកម្ពុជា ដើម្បីនាំមកនូវការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ​បានដួល​រលំ​ទៅ​នោះ បានដាក់ចេញនូវការប្រើប្រាស់និតិវិធីធ្វើយ៉ាងណាឱ្យ​ប្រជាជនកម្ពុជាទាំងអស់​បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។

ការធានាទាំងនោះរួមមាន ការធានារូបរាងកាយ និងអាយុជីវិត, ការធានាអាជីព​និង​មុខរបរ ការទទួលស្គាល់កម្មសិទ្ធិនិងទ្រព្យសម្បត្តិទាំងចលនទ្រព្យនិងអចលនទ្រព្យ ។ ការស្ថាបនាវិមានឈ្នះឈ្នះមានគោលដៅសំខាន់ៗចំនួន៥រួមមាន៖ ទី១) រម្លឹកសារៈ​សំខាន់នៃសន្តិភាព សមិទ្ធផលនិងដំណើរការដែលបាននាំឱ្យមាន​សន្តិភាព​តាម​គោលនយោបាយឈ្នៈឈ្នៈនិងការបង្រួបបង្រួមជាតិ, ទី២) គោរពនិងចារឹតទុកអំពី​ការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិតរបស់មគ្គុទេសក៍ដឹកនាំ និងប្រតិបត្តិករ​ស្នូល​កម្ពុជា ដែលបាននាំមកនូវផ្សះផ្សារជាតិ ​និងបញ្ចប់សង្គ្រាម​ស៊ីវិលដោយគ្មានការបង្ហូរ​ឈាមដែលនាំមកនូវវិបុលភាព និងសន្តិភាពដល់ប្រទេសកម្ពុជា, ទី៣) បង្កើត​មជ្ឈ​មណ្ឌលមួយដែលផ្ដល់នូវការរៀនសូត្រដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ឱ្យបន្តការសិក្សា និងទទួលការយល់ដឹងពីប្រវត្តិសាស្រ្តពិតរបស់ប្រទេសកម្ពុជា និងបន្តអនុវត្តគោល​នយោបាយឈ្នៈឈ្នៈរបស់តេជោសែននិងគុណតម្លៃក្នុងការធ្វើសមាហរណកម្មក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍប្រទេសនាពេលអនាគត, ទី៤) បង្ហាញពីគុណតម្លៃ​វប្ប​ធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរតាមរចនាបទសិល្បៈនិមិត្តរូប និមិត្តសញ្ញា ចម្លាក់​នានា និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់បានឈ្វេងយល់, ទី៥)បង្កើតគោលដៅទេសចរណ៍មួយនៅទីក្រុងភ្នំពេញ ដែលមានលក្ខណៈជាទេសចរណ៍​ប្រវត្តិសាស្រ្ត វប្បធម៌ ក៏ដូចជាគោលដៅសម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានា៕