(ភ្នំពេញ)៖ ឈាមស្រែកស្បែកហៅ! ក្រុមជនសង្ស័យជាឃាតក កាប់សម្លាប់សិស្សសាលាជម្ពូវ័ន្តម្នាក់ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ នៅក្នុងថ្លុកឈាម កាលពីជាង១ខែមុនកន្លងមកនេះ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាន៣នាក់ហើយ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកមកនោះ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ ដែលដឹកនាំកម្លាំងតាមចាប់ក្រុមជនដៃដល់ទាំងនេះ បានបញ្ជាក់ថា ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណស្នងការនគរបាលរាជធានីភ្នំពេញរួចមក កម្លាំងរបស់លោក សហការជាមួយកម្លាំងជំនាញ បានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះតែម្តង ក្រោយរត់គេចខ្លួនអស់រយះពេលជាង១ខែ ពោលក្រោយកើតហេតុ នៃអំពើឃាតកម្មនេះ។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួននៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ និង២នាក់ទៀតចាប់បាននៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះរួមមាន ទី១ឈ្មោះ នឿន មករា អាយុ២៥ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ទី ២ឈ្មោះ សៅ វត្តី អាយុ២០ឆ្នាំ ស្នាក់នៅ ម្ដុំរោងចក្រQMI ភូមិត្រពាំងពោធិ៍ ខណ្ឌពោធិ៍សែនជ័យ និង៣ឈ្មោះ ហុង សៀង អុី អាយុ១៦ឆ្នាំ ជាសិស្សសាលាជម្ពូវ័ន មានទីលំនៅក្នុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
យុវជនរងគ្រោះដែលត្រូវក្រុមឃាតកទាំងនេះ កាប់រហូតដល់ស្លាប់ភ្លាមៗនៅនឹងកន្លែងនោះ ឈ្មោះ អឿន សាមន អាយុ២២ឆ្នាំ គឺជាសិស្សនៅសាលាជម្ពូវ័ន និងមានទីលំនៅក្នុងភូមិត្រពាំងពោធិ៍
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សូមបញ្ជាក់ថា អំពើឃាតកម្មនេះ បានកើតឡើងនៅយប់ថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៦ នៅតាមផ្លូវបេតុងចូលផ្សារឯករាជ្យ២ មុខហាង លក់ស៊ុប យីហោ ស្រីខួច ស្ថិតក្នុងភូមិព្រៃព្រីខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមដំណើររឿង មុនពេលកើតហេតុ ២ថ្ងៃគឺកាលពីល្ងាចថ្ងៃសៅរ៍ ទី១១ មិថុនា ២០១៦ ពួកគេ និងក្រុមជនបង្កបាន ប៉ះគ្នាមួយប្រាវម្តងរួចមកហើយ លុះដល់ថ្ងៃកើតហេតុនេះ ពួកគេទាំង២ក្រុមបានណាត់គ្នា មកសម្របសម្រួលគ្នា នៅក្រោយសាលាបង្រៀនអង់គ្លេស DPSC ដែលនៅក្បែរកន្លែងកើតហេតុ ហើយពួកគេក៏ត្រៀមអាវុធ មកជាមួយផងដែរ ក្រែងមិនត្រូវគ្នាអាច ប្រយុទ្ធគ្នាម្តងទៀត។
ក្រោយពីនិយាយគ្នារួចមក ពួកគេក៏ឡើងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ហាងលក់ស៊ុបស្រីខួច ស្រាប់តែក្រុមជនបង្កជិះតាមពីក្រោយ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ និងដំបង វាយកាប់មកលើក្រុមជនរងគ្រោះ តែដៃគូបានជិះរត់រួច នៅតែជនរងគ្រោះរត់មិនទាន់និងគេដោយសារជិះម៉ូតូតូចជាងគេ ម៉ាក Today ក៏ត្រូវជនបង្កព្រួតគ្នាកាប់រហូតដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។
បច្ចុប្បន្នក្រុមយុវជនទាំងនេះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅនៅជំនាញព្រហ្មទណ្ឌពោធិសែនជ័យ ដើម្បីសាកសួរនាំបន្តពីដំណើររឿង ព្រមទាំងតាមចាប់បក្ខពួកដែលនៅសេសសល់។