(កំពង់ធំ)៖ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ និងសហការីបានចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយកងកម្លាំងប្រជាការពារទាំង១០ភូមិក្នុងឃុំចំណាលើ ដែលមានចំនួន១១៦នាក់ នៅស្នាក់ការយុវជនគណបក្សឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

លោកប្រធានបានណែនាំដល់ប្រជាការពារគ្រប់រូបត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន  ជាពិសេសក្នុងរដូវកាលឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។

លោកបញ្ជាក់ថា ប្រជាការពារភូមិគីជាកម្លាំងមួយផ្នែកដែលចូលរួមថែរក្សាសន្តិសុខសង្គម និងសុវតិ្ថភាពជូនពលរដ្ឋមិនថាពេលយប់ ឬពេលថ្ងៃនោះទេ ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចគ្រប់ស្ថាបន័រួមទាំងផ្ដល់ព័ត៌មានរហ័សដល់សមត្ថកិច្ចជំនាញ និងចុះដល់គោលដៅភ្លាមៗ ម្យ៉ាងប្រជាការពារគឺជាអ្នកស្ម័គ្រចិត្ត លះបង់ទាំងកម្លាំងកាយទាំងកម្លាំងចិត្តជួយដល់ប៉ុស្តិ៍រដ្ឋបាល និងជួយដល់ភូមិឃុំរបស់យើងឲ្យមានសុវត្ថិភាព ស្របតាមគោលការទាំង៧របស់ក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាល។

ក្នុងនោះដែរ លោកកោតសរសើរដល់ប្រជាការពារដែលមានឆន្ទ:ស្ម័គ្រចិត្តចូលបម្រើការងារការការពារសុវត្ថិភាព សន្តិសុខរួមជាមួយរាជរដ្ឋាភិបាល រួមជាមួយថ្នាក់ដឹកនាំរួមជាមួយក្រុមប្រឹក្សាសង្កាត់ និងរួមជាមួយប៉ុស្តិ៍រដ្ឋបាលកងរាជអាវុធហត្ថ និងថ្នាក់ដឹកនាំភូមិទាំងអស់ និងក៏សួមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះកម្លាំងប្រជាការពារភូមិទាំអស់ ដែលសហការយ៉ាងស្និទ្ធស្នាលជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ដែលជាកម្លាំងជំនាញ់ប្រចាំឃុំផងដែរនៅរាល់សកម្មភាពបទល្មើសរួមទាំងសន្តិសុខសង្គម។ ពួកគាត់ពុំមានប្រាក់បៀវត្សរ៍ដូចមន្ត្រីរាជការដូច្នេះក្នុងនាមជាមេឃុំធ្វើយ៉ាងណា ដើម្បីចែករំលែកទោះតិចក្ដីច្រើនក្តី។

លោក ព្រឹម រដ្ឋា និងក្រុមការងារ បានឧបត្ថម្ភជូនកំលាំងប្រជាការពារម្មាក់ៗឯកសណ្ឋានប្រជាការពារមួយឈុត និងថវិកាចំនួន២០,០០០រៀល ដែលថវិកាសរុបអស់ចំនួន៩,០០០,០០០រៀល ដែលក្នុងនោះថវិកា លោក ថា យ៉ាវ ថវិកា ៤,០០០,០០០រៀល លោក ងួន រតន: ថវិកា២,០០០,០០០រៀល លោក ព្រឹម រដ្ឋា ថវិកា២,០០០,០០០រៀល លោក តាន់ ប៊ុនហុង និងក្រុមការងារ១,០០០,០០០រៀលផងដែរ៕