(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រកាសផ្តល់ជូននូវរង្វាន់លើកទឹកចិត្តទៅដល់អាជ្ញាធរមូលដ្ឋាន ដូចជា អភិបាលស្រុក មេឃុំ មេប៉ុស្តិ៍ ស្មៀនឃុំ មេភូមិ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរ។

ចំពោះការវាយតម្លៃនៃការផ្តល់រង្វាន់លើកទឹកចិត្តនេះ គឺមិនស្ថិតលើរបាយការណ៍ពីថ្នាក់មូលដ្ឋាននោះទេ គឺធ្វើឡើងតាមរយៈសម្ដីពិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្តង។

លោកអភិបាលខេត្តថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំង១៣ឃុំ ក្នុងស្រុកទឹកឈូ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង២ម៉ឺននាក់។

ទន្ទឹមនោះដែរ លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ធ្វើយ៉ាងណាត្រូវមើលថែប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ឱ្យទទួលបានភាពសុខសាន្ត ព្រោះអ្នកដែលត្រូវផ្តល់ភាពសុខសាន្តជាអចិន្ត្រៃយ៍ គឺអាជ្ញាធរមូលដ្ឋាននេះឯង។

លោកអភិបាលខេត្តក៏បានស្នើសុំ និងសុំកុំឱ្យមានឱ្យសោះនូវការលាបពណ៌ប្រជាពលរដ្ឋក្នុងមូលដ្ឋានណាម្នាក់ ថាជាបក្សនេះ បក្សនោះ ដែលទាំងប្រជាពលរដ្ឋទាំងអស់សុទ្ធតែមានរូបសម្តេចតេជោ ហ៊ុន សែន ក្នុងបេះដូង ហើយបានរស់រានមានជីវិតដោយកំណើតទី២ គឺក្រោយថ្ងៃរំដោះ៧មករា ដែលសម្តេចតេជោ បានលះបង់គ្រប់បែបយ៉ាង និងយកមកដោយលំបាក។

គួររំលឹកដែរថា ជារៀងរាល់ពេលដែលចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមបណ្តាក្រុង-ស្រុក គឺលោកអភិបាលខេត្តកំពតតែងតែបានបញ្ចូលខ្លួនទៅក្នុងគ្រួសាររបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ក្នុងនាមជាសមាជិកម្នាក់ដែលមានតួនាទីជាអភិបាលខេត្ត។

លោកអភិបាលខេត្តតែងតែផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងអស់ ត្រូវរាយការណ៍អំពីភាពអសកម្មនានារបស់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ អ្នកមានអំណាចមួយចំនួន ដែលមិនបានផ្តល់ក្តីសុខជូនពលរដ្ឋ ដើម្បីលោកអភិបាលខេត្តនឹងមានចំណាត់ការតាមផ្លូវច្បាប់៕