(ព្រៃវែង)៖ គណបក្សប្រជាជនកម្ពុជាបានសម្ពោធដាក់ដំណើរការទីស្នាក់ការគណបក្សប្រជាជនភូមិដូង និងភូមិស្វាយចេក នៃឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលចំណាយថវិកាសាងសង់ជិត១២ម៉ឺនដុល្លារអាម៉េរិក។
ពិធីនេះធ្វើឡើងនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហាស់ សារ៉េត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់ត្របែក និងមានការចូលរួមពីលោក ប៉ោ ភក្តិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោខ្ចក និងឃុំព្រៃឈរ ព្រមទាំងមានការចូលរួមពីប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សស្រុក និងមន្ត្រីក្នុងរចនាសម្ព័ន្ធគណៈកម្មាធិការគណបក្សឃុំគោខ្ចក និងឃុំព្រៃឈរ សរុបប្រមាណ២០០នាក់។
នាឱកាសនោះ គណៈអធិបតីបានសំណេះសំណាលជាមួយសមាជិកបក្សនៅមូលដ្ឋាន ព្រមទាំងលើកឡើងពីកត្តាសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសមិទ្ធផលនានាដែលគណបក្សប្រជាជនដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលសម្រេចបានក្នុងពេលរាប់សិបឆ្នាំមកនេះ។
លោក ហាស់ សារ៉េត និងលោក ប៉ោ ភក្តិ ក៏បានជំរុញឲ្យសមាជិកគណបក្សមូលដ្ឋានចូលរួមថែរក្សាសន្តិភាព ប្រព្រឹត្តអំពើល្អជាមួយប្រជាពលរដ្ឋ ជួយយកអាសារគ្នាទៅវិញទៅមក ពិសេសគឺសាមគ្គីផ្ទៃក្នុងឲ្យបានរឹងមាំ។
ថ្នាក់ដឹកនាំគណបក្សប្រជាជនក៏បានណែនាំឲ្យសមាជិកបក្សមូលដ្ឋានត្រៀមខ្លួន និងឯកសារសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕