(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញបំពាក់មេដាយ និងគ្រឿងឥស្សរិយយសការពារជាតិជូនអតីតយុទ្ធជនកម្ពុជាសរុប៥២៩នាក់ នៅស្រុកបារាយណ៍ និងស្រុកតាំងគោក នៅខេត្តកំពង់ធំ។
ការបំពាក់គ្រឿងឥស្សរិយយសនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាធានាបាននូវសុខសន្តិភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសង្គម ហើយប្រជាជនកម្ពុជារស់នៅយ៉ាងសុខដុមរមនា។ សន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាជន។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះប្រទេសនិងប្រជាជនកម្ពុជា ទាំងពេលមានសង្គ្រាម និងមានសុខសន្តិភាព។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន និងយុទ្ធនារីយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម សំដៅធានាឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
លោកបានបន្តថា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែលើកឡើងអំពីការគិតគូយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃ។
លោកឧត្តមសេនីយទោ សោម ស៊ុន បានឱ្យដឹងថា សមាគមអតីតយុទ្ធជនកម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជននៅក្នុងសង្គមជាតិ ដោយបំផុសស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន និងគ្រួសារ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមរបស់អតីតយុទ្ធជន និងគ្រួសារក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការដាក់ចេញ និងអនុវត្តនូវគោលនយោបាយនានារួមមាន៖ ការកែសម្រួលដំឡើងប្រាក់របបគោលនយោបាយជាបន្តបន្ទាប់, ការផ្ដល់បន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែ, ការផ្ដល់សម្បទានដីសង្គមកិច្ច និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ, ការជួយឧបត្ថម្ភក្នុងពេលលំបាកខ្វះខាត, ការផ្ដល់អាទិភាពជូនកូនចៅរបស់អតីតយុទ្ធជនក្នុងដំណើរការជ្រើសរើសពលទាហានបំពេញក្របខណ្ឌ នៅតាមស្ថាប័ន-កងអង្គភាពចំណុះ, ការផ្ដល់ប្រាក់បេឡាមរណៈសង្គ្រោះ និងប័ណ្ណ ប.ស.ស. និងការបំពាក់មេដាយ គ្រឿងឥស្សរិយយសការពារជាតិជាដើម។
តាមសចក្តីរាយការណ៍របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានខិតខំប្រឹងប្រែងអនុវត្តការងារយ៉ាងសកម្មក្នុងការជួយដោះស្រាយការលំបាក ជួយឧបត្ថម្ភគាំទ្រ និងសម្រួលជីវភាពរស់នៅរបស់អតីតយុទ្ធជន ដូចជាបានសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនបានចំនួន៣៨៧ខ្នងផ្ទះ, បានចុះសួរសុខទុក្ខជាមួយអតីតយុទ្ធជនចំនួន១,២៩២លើក និងផ្ដល់អំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើន បានបើកប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនសរុបចំនួន៦១៩សព បានបើកប្រាក់ធានារ៉ាប់រងសង្គមជូនដល់គ្រួសារសមាជិកសមាគមដែលបានទទួលមរណភាពបានចំនួន៣៥៧គ្រួសារ បានចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ជូនអតីតយុទ្ធជន និងក្រុមគ្រួសារបានចំនួន១៤,០១៧នាក់ បានផ្ដល់ឱកាសដល់កូន ប្អូនបង្កើត និងសាច់ញាតិរបស់អតីតយុទ្ធជន បានដាក់ពាក្យចូលបម្រើការងារ ក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទបានចំនួន៩៧៦នាក់ ក្នុងនោះបានជាប់ស្ថាពរមានចំនួន២២០នាក់ និងជាប់បម្រុងចំនួន១៦៤នាក់។
ដើម្បីជាការលើកទឹកចិត្តដល់អតីតយុទ្ធជនទាំង៥២៩នាក់ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានរៀបចំនូវមេដាយ និងគ្រឿងឥស្សរិយយស សម្រាប់បំពាក់ជូននាពេលបន្តិចទៀតនេះ ដែលរួមមាន៖ មេដាយប្រាក់ មេដាយមាស និងមេដាយថ្នាក់អស្សឫទ្ធិ។
លោករដ្ឋមន្ត្រី ថោង ខុន លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានចូលរួមឧបត្ថម្ភថវិកាចំនួន៣៤,៣៨៥,០០០រៀល សម្រាប់ចែកជូនអតីតយុទ្ធជនទាំង៥២៩នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា៦៥,០០០រៀល៕