(កណ្តាល)៖ នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល, លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល បានដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល ដើម្បីធ្វើការត្រួតពិនិត្យបូកសរុបវឌ្ឍនភាពការងារ និងដើម្បីដាក់ចេញនូវសកម្មភាពការងារជាក់ស្តែងបន្ថែមទៀត ឱ្យបានទាន់ពេលវេលា ក្នុងដំណើរឆ្ពោះទៅកាន់ការដណ្តើមជ័យជំនះឱ្យខាងតែបានជូនគណបក្ស និងប្រជាជន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ក៏ដូចជាការបោះឆ្នោតលើកក្រោយៗទៀត ដើម្បីរក្សាការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។
អង្គប្រជុំក៏បានធ្វើការពិភាក្សា និងវាយតម្លៃសភាពការណ៍រួម នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ទាំងស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយ រួមទាំងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង និងចូលរួមចំណែក ទាំងស្មារតី និងសម្ភារៈរបស់មន្រ្តីគណបក្សគ្រប់លំដាប់ ដើម្បីម្ខាងចិញ្ចឹមចលនាការគាំទ្រមកលើការដឹកនាំរបស់គណបក្សប្រជាជន និងម្ខាងទៀត ដើម្បីធ្វើឱ្យមានប្រែប្រួលមុខមាត់ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។
ជារួម អង្គប្រជុំបានធ្វើការវាយតម្លៃថា គណបក្សប្រជាជនកម្ពុជានៅតែនាំមុខ និងមានប្រៀប ដោយសារគុណបំណាច់ និងស្នាដៃជាប្រវត្តិសាស្រ្តជាច្រើនរាប់មិនអស់ ជាពិសេសស្នាដៃជាប្រវត្តិសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិ ក៏ដូចជាសមត្ថភាពដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការគ្រប់គ្រងប្រទេស ទាំងក្នុងវិស័យនយោបាយ, ការទូត, សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងការដោះស្រាយការលំបាក និងការលើកតម្កើងជីវភាពប្រជាជន។
ជោគជ័យដ៏ធំធេង និងជាបន្តបន្ទាប់ផ្ទួនៗគ្នារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន, ព្រឹត្តិការណ៍អង្គរសង្រ្កាន និងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្កេម-ប៉ារ៉ាហ្កេមឆ្នាំ២០២៣នេះ បានធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជា និងបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការ ទាំងក្នុង និងក្រៅប្រទេស កាន់តែមានមោទនភាពចំពោះជាតិខ្មែរ និងចំពោះខ្លួនឯងជាខ្មែរ ហើយកាន់តែជឿជាក់មកលើរាជរដ្ឋាភិបាល ពិសេសសមត្ថភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
ការស្រលាញ់, ការពេញចិត្ត, ការអាណិត និងការជឿជាក់ពីសំណាក់ប្រជាជនខ្មែរដ៏ច្រើនលើសលប់ ចំពោះ ប្រជាប្រិយភាពរបស់សម្តេចតេជោ ហ៊ុន សែន និងការផ្តល់ក្តីសង្ឈឹមរបស់ប្រជាជនខ្មែរចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជនបន្តវេន គឺជាចំណុចប្រៀបឈ្នះខ្លាំងបំផុតរបស់គណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនេះ ចរន្តនៃការផ្តាច់ខ្លួនរបស់មន្រ្តីបក្សដទៃដូចទឹកបាក់ទំនប់ ហើយចូលមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ គឺជាសក្ខីភាពដែលបានគូសបញ្ជាក់កាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាជំរើសដ៏ល្អ និងតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ។
អង្គប្រជុំក៏បានធ្វើត្រួតពិនិត្យការអនុវត្តផែនការសកម្មភាព និងកម្មវិធីការងារអាទិភាពសំខាន់ៗ ដែលក្រុមការងារ និងគណបក្សស្រុក-ឃុំត្រូវអនុវត្ត ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត។
ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានណែនាំមន្រ្តីក្រុមការងារគណបក្សទាំងអស់ ត្រូវចិត្តទុកដាក់អនុវត្តទៅតាមផែនការណែនាំ និងផែនការសកម្មភាពការងារ ស្របទៅតាមប្រតិទិនការងារ និងត្រូវខិតខំបំពេញចំណុចសេសសល់មួយចំនួនទៀត ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកបានបន្តរំលឹកមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ មិនត្រូវមានភាពស្កប់ស្កល់ ហើយភ្លេចខ្លួនដោយខ្វះការប្រុងប្រយ័ត្នឡើយ ពិសេសត្រូវខំសំដៅធ្វើយ៉ាងឱ្យសមាជិកសមាជិកាគណបក្សទាំងអស់ បានទៅបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ពោលគឺត្រូវតែធានាឱ្យបានថា សមាជិកម្នាក់ សម្លេងគាំទ្រមួយសន្លឹក។
លោក វង្សី វិស្សុត ក៏បានធ្វើការកែសម្រួលផែនការសកម្មភាពមួយចំនួន ដើម្បីត្រៀមសម្រាប់ការបើកយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខនេះ ដោយមានយុវជនជាកម្លាំងស្នូលជួរមុខ ក្នុងការចុះជួបសមាជិកបក្ស ហើយគ្រប់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងសេចក្តីណែនាំរបស់ គជប ដើម្បីធ្វើឱ្យបរិយាកាស និងដំណើរការនៃការបោះឆ្នោតក្នុងមូលដ្ឋានស្រុកមុខកំពូល បានប្រព្រឹត្តិទៅដោយរលូន, មានសណ្តាប់ធ្នាប់ល្អ, គ្មានអំពើហឹង្សា, គ្មានការគំរាមកំហែង និង ដោយសេរី, ត្រឹមត្រូវ និងយុត្តិធម៌។
ជាមួយគ្នានេះ ក៏ត្រូវត្រៀមលក្ខណៈទប់ស្កាត់គ្រប់រូបភាពនូវសកម្មភាពទាំងឡាយណា ដែលមានបំណងចង់បំផ្លាញការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត ជាពិសេសក្រុមអ្នកនយោបាយជ្រុលនិយម ដែលនៅតែចិញ្ចឹមចិត្តចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍ កម្ពុជា។
លោក វង្សី វិស្សុត បានណែនាំដល់មន្រ្តីគណបក្សបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ និងត្រូវបន្តខិតខំបម្រើប្រជាជន ជាពិសេសការផ្តល់សេវាសាធារណៈផ្សេងៗ ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា, អយុត្តិធម៌សង្គម ពិសេសការដោះស្រាយបញ្ហាការស់នៅប្រចាំថ្ងៃ និងការលើកតម្តើងជីវភាពរបស់ប្រជាជន រួមទាំងការបញ្ហាទំនាស់ដីធ្លី និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។
លោកបានបន្តណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវបន្តសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានា ដូចជាការផ្តល់ជំនួយឧបត្ថម្ភផ្សេងៗដល់បងប្អូនដែលមានការខ្វះខាតផ្នែកជីវភាព និងចាស់ជរាគ្មានទីពឹង ទន្ទឹមនឹងការយកចិត្តទុកដាក់ដល់ការប្រកបរបបអាជីវកម្ម, ការបង្កបង្កើនផល និងការងាររបស់ប្រជាជន។
លោកក៏បានបន្តលើកទឹកចិត្តដល់ក្រុមការងារត្រូវបន្តគាំទ្រដល់ការអភិវឌ្ឍនៅមូលដ្ឋាន ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអណាចក្រ តាមរយៈការបន្តកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលជាតម្រូវការចាំបាច់របស់ប្រជាជនក្នុងមូលដ្ឋាន តែក៏ត្រូវយកចិត្តទុកដាក់ផងដែរដល់ផលប៉ះពាល់ និងត្រូវយកចិត្តទុកដាក់លើកទឹកចិត្ត ទាំងស្មារតី សម្ភារៈ ថវិកាដល់មន្រ្តី និងសកម្មជនគណបក្ស យុវជន យុវនារី តាមមណ្ឌលសកម្មភាពបក្ស ដើម្បី មានលទ្ធភាពបំពេញការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ត្រូវបន្តចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដោយត្រូវយកចិត្តទុដាក់ ក្នុងការពង្រឹកកម្លាំងប្រជាការពារ និងតួនាទីរបស់បញ្ជាការគណៈឯកភាពឃុំនីមួយៗ និងត្រូវរក្សាការពារនូវទ្រព្យសម្បត្តិទាំងឡាយរបស់រដ្ឋផងដែរ៕