(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២១ ខែកកក្កដា ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយធ្វើការឃាត់ខ្លួន ជនសង្ស័យ៤នាក់ ព្រមទាំងដកហូតថ្នាំញៀនជិត២០កញ្ចប់ ក្នុងនោះមួយកញ្ចប់ធំ។

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ស្ថិតនៅចំណុចក្រុម
១៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

លោកវរសេនីយ៍ត្រី ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដែលបានដឹកនាំកម្លាំង១០នាក់ ចុះបង្ក្រាបករណីមួយនេះ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន សម្ងាត់ពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ កម្លាំងរបស់លោកក្រោនការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការ បានចុះទៅបង្ក្រាបជាក់ស្តែងតែម្តង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ និងវត្ថុតាងមួយចំនួនធំ។

ជនសង្ស័យទាំង៤នាក់ខាងលើនេះរួមមាន ទី១-ឈ្មោះ លី ភូ អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិវៀតណាម ទី២-ឈ្មោះ ដុង ឌឹកហុង អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដជនជាតិវៀតណាម ទី៣-ឈ្មោះ គឹម ឌី ហៅណាំ អាយុ៤៩ឆ្នាំ មុខរបររត់ម៉ូតូឌុបជនជាតិវៀតណាម និងទី៤-ឈ្មោះ តាន់ ផេង អាយុ២៨ឆ្នាំ
មុខរបរមិនពិតប្រាកដ។

ក្រោយការចុះបង្ក្រាបនោះកម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន:
១/ម្សៅសថ្លា ១៧ កញ្ចប់តូច និង១កញ្ចប់ធំ
២/ដបជក់ចំនួន២
៣/ទុយោចំនួន២ដើម
៤/ដែកកេះចំនួន១៧
៥/ម៉ូតូ១គ្រឿង ម៉ាកអ៊ែលប្លេតពណ៍ស្ករ
៦/ទូរស័ព្ទដៃចំនួន៤គ្រឿង
៧/ប្រាក់រៀលចំនួន​ ១៩.៥០០រៀល។

បច្ចុប្បន្ន សម្រាប់ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញកំពុងធ្វើការសាកសួរបន្តតាមនិតិវិធីច្បាប់។