(ស្វាយរៀង)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានបង្ហាញការកត់សម្គាល់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ និងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់។

លោកលើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស១៣៨៣ ក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

លោក លី ធុជ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានសម្តែងនូវការអបអរសាទរជូនចំពោះប្រជាជនក្រុងបាវិតទាំងអស់ ដែលបានទទួលនូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសម្តេចតេជោ ហ៊ុន សែន សម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ក្លាយទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ និងជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់។

លោក លី ធុជ បានលើកឡើងថា មិនត្រឹមតែប្រជាពលរដ្ឋក្រុងបាវិតប៉ុណ្ណោះទេ មានប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុកក្រុងនានា ប្រមាណជា ៦ម៉ឺននាក់ បានទទួលឱកាសការងារយ៉ាងច្រើនពីការវិនិយោគក្នុងក្រុងបាវិត ដូចជាវិស័យសេវាកម្ម រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។

បច្ចុប្បន្ននេះ ក្រុងបាវិត ទទួលបានការអភិវឌ្ឍឥតឈប់ឈរ ដែលអាចឲ្យប្រជាជនគ្រប់រូបមានជម្រើសយ៉ាងច្រើនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងបំពេញការងារទៅតាមបំណងប្រាថ្នាពេញចិត្ត ជាពិសេសបានក្លាយជាប្រភពចំណូលជាតិមួយយ៉ាងសំខាន់ និងតំណាងឲ្យការនាំចេញប្រមាណ៦% នៃការនាំចេញផលិតផលទូទាំងប្រទេសកម្ពុជា។

លោកបានគូសបញ្ជាក់បន្ថែមថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ មកក្រុងបាវិត ដែលសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនពីក្រុងបាវិតមកភ្នំពេញ ដោយប្រើប្រាស់រយៈពេលខ្លី និងចំណេញទាំងពេលវេលានិងថវិកា។ នេះគឺជាសមិទ្ធផលថ្មីមួយ ដែលប្រជាពលរដ្ឋក្រុងបាវិត ក៏ជាប្រជាជនកម្ពុជាទាំងអស់ទទួលបានពីសម្តេចតេជោ។

លោកបានបន្តទៀតថា សមិទ្ធផលទាំងនេះ គឺមិនមែនកើតឡើងដោយឯកឯងនោះទេ វាកើតចេញគុណតម្លៃនៃសន្តិភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។

ដើម្បីចូលរួមថែរក្សាសមិទ្ធផលដែលបានមកពីសុខសន្តិភាពនេះ លោក លី ធុជ បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងសម្រាប់នីតិកាលបន្តបន្ទាប់ទៀត៕