(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា ថ្មីៗនេះក្នុងជំនួបជាមួយម្ចាស់ក្រុមហ៊ុន គឺក្រុមហ៊ុនផលិតរថយន្ត Ford របស់សហរដ្ឋអាមេរិក គ្រោងនឹងបន្ថែមទុនវិនិយោគក្នុងការបង្គុំ និងដំឡើង រថយន្ត Ford ម៉ូឌែល Territory បន្ថែមទៀត ខណៈដែរម៉ូឌែល Ranger និង Everest កំពុងដំណើរខ្សែច្រវាក់ ដើម្បីបំពេញតម្រូវការរបស់អតិជន។
លោកបានលើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំអន្លង់វិលចំនួន២ទីតាំង ប្រមាណជិត២ពាន់នាក់ និងកាត់ខ្សែបូរសម្ពោធឧបដ្ឋានសាលាវត្តសន្សំកុសល (ហៅវត្តផ្ទះគរ) ស្ថិតក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក កែវ រតនៈ សូមឱ្យប្រជាពលរដ្ឋកុំជឿតាមពាក្យឃោសនារបស់គណបក្សដទៃ ដែលឃើញមុខតែពេលបោះឆ្នោត ក្រោយបោះឆ្នោតមិនដឹងទៅណានោះ។
ជាក់ស្ដែងក្នុងខេត្តពោធិ៍សាត់ រាជរដ្ឋាភិបាលបានផ្ដល់សមិទ្ធផលធំៗជាច្រើន ដូចជា វារីអគ្គីសនីស្ទឹងអាតៃ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥៥ ផ្លូវជាតិលេខ១០ ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ប្រព័ន្ធធារាសាស្ត្រចារឹក ទំនប់ទី៣ ទី៥ ទំនប់ដំណាក់ឈើក្រំ ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់ជាច្រើនកន្លែង ផ្លូវកៅស៊ូជនបទ ហើយសព្វថ្ងៃនេះកំពុងសាងសង់វារីអគ្គីសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព៨០មេហ្គាវ៉ាត់ទៀត។ ឭ
ជាមួយគ្នានេះ ខេត្តមានរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតគ្រឿងអគ្គីសនី រោងចក្របង្គុំរថយន្ដFord និងរោងចក្រផ្សេងៗទៀត ដែលស្រូបទាញកូនចៅប្រជាពលរដ្ឋយើង ឱ្យមានការងារធ្វើ ទទួលបានប្រាក់ខែចិញ្ចឹមជីវិត កាត់បន្ថយភាពក្រីក្រ និងមិនធ្វើចំណាកស្រុក។
លោករដ្ឋមន្ត្រីបន្ថែមថា សមិទ្ធផលទាំងនោះ ពុំមែនធ្លាក់មកពីលើមេឃ ឬកើតមានឡើងដោយឯងៗនោះទេ បើគ្មានសន្តិភាព ការអភិវឌ្ឍ និងស្ថិរភាពនយោបាយ ដែលបានមកពីការខិតខំប្រឹងប្រែង លះបង់គ្រប់យ៉ាងរបស់សម្តេចតេជោ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងការចូលរួមគាំទ្រ ពីសំណាក់បងប្អូនពុកម៉ែប្រជាពលរដ្ឋកម្ពុជាទាំងមូល។
លោក កែវ រតនៈ សូមឲ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំ និងគាំទ្រគ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដែលមានលេខរៀងទី១៨ ដើម្បីការពារសន្តិភាព បន្តការអភិវឌ្ឍប្រទេស និងបន្តគាំពារបងប្អូនបន្តទៀត។
ក្នុងឱកាសនោះ លោក កែវ រតនៈ ក៏បានរៀបចំវត្ថុកំដរដៃ ចែកជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំអន្លង់វិល ដែលមកចូលរួមទាំងព្រឹក និងល្ងាច ប្រមាណជិត២ពាន់នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម ទឹកស៊ីអ៊ីវនិងទឹកត្រី១យួរ ឆៃប៉ូវ១គីឡូក្រាម និងដូង១ដើមផងដែរ៕