(កណ្ដាល)៖ នៅថ្ងៃចុងសប្ដាហ៍នេះ វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀបចំកម្មវិធីជួបជុំគ្នាដែលមានសិស្សពិការភាពសតិបញ្ញា និងអូទីស្សឹមចំនួន២៣៥នាក់ លោកគ្រូ អ្នកគ្រូ និងអ្នកស័្មគ្រចិត្តសរុប៦១នាក់ ដើម្បីអបអសាទរទិវារកុមារអន្តរជាតិ ១ មិថុនា ២០២៣ ក្នុងនោះមានការចូលរួមពីលោកឧកញ៉ា ម៉ុង ឃុន និងសហការី ព្រមទាំងសមាជិកមួយចំនួនមកពីក្លឹបម៉ូតូធំ។

លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានបញ្ជាក់ថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានក្លាយជាសាលាឈានមុខគេមួយនៅកម្ពុជា ក្នុងវិស័យអប់រំពិសេសដល់សិស្សដែលមានពិការភាពសតិបញ្ញា និងអូទីស្សឹម។

លោក ចាន់ សារិន បានលើកឡើងនូវភាពជោគជ័យរបស់វិទ្យាល័យអប់រំពិសេស ក្រោមការឧបត្ថម្ភដោយក្រសួងអប់រំ យុវជន និងកីឡា និងសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។

លោកបន្ថែមទៀតថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបច្ចុប្បន្នមានសិស្សចំនួន២៣៥នាក់ ដែលកំពុងរៀននៅសាខាឧបសម្ព័ន្ធទាំង៤ ហើយលោកបញ្ជាក់ថា ការដឹកនាំវិទ្យាល័យមានរចនាសម្ព័ន្ធដឹកនាំស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកិឡា និងតែងតែប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន គុណភាពរៀន និងបង្រៀន វិន័យ រួមជាមួយនិងតម្ហាភាព និងការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះដែរលោកក៏បានរំលេចនូវបញ្ហាប្រឈមដូចជាការខ្វះអគារសិក្សាជាដើម នៅពេលដែលសាលាត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយ ដែលមកទល់និងពេលនេះមានសិស្សអូទីស្សឹមបានចុះឈ្មោះក្នុងបញ្ជីររងចាំចំនួនជិត២០០នាក់បន្ថែមទៀត ដែលចាំបាច់ត្រូវដោះស្រាយបន្ថែមអគារសិក្សាចំនួន១៨បន្ទប់ទៀត ក្នុងឆ្នាំសិក្សា២០២៣-២០២៤។

ដើម្បីលើកទឹកចិត្តដល់សិស្សមានពិការសតិបញ្ញា និងអូទីស្សឹម លោកឧកញ៉ា ម៉ុង ឃុន បានឧបត្ថម្ភថវិកាចំនួន៤,៦៨០ដុល្លារអាមេរិក ថវិកាជារៀលចំនួន២,១៥៧,០០០រៀល ទឹកបរិសុទ្ធ១០កេស និងអង្ករចំនួន៣០ការុង និងការុងតូច៤៤ ទឹកដោះគោកញ្ចប់មួយចំនួនផងដែរ។

លោក ចាន់ សារិន បានគោរពថ្លែងអំណរគុណដល់គណៈអធិបតី និងភ្ញៀវកិត្តិយសដែលបានចំណាយពេលវេលា និងថវិកាមកជួយសាលា។ ជាមួយដើម្បីអបអរសាទរ និងអគុណសន្តិភាព សិស្សពិការសតិបញ្ញា និងអូទីស្សឹម ព្រមទាំងភ្ញៀវកិត្តិយសបានដង្ហើរក្បួនចំនួន៣ជុំ កាន់ប៉ោងចំនួន៧៤សម្រាប់ខួបលើកទី៧៤ អមដោយចម្រៀង កុមារ ស្រលាញ់សន្តិភាព និងអបអរសាទរជាមួយពិភពលោកសម្រាប់ទិវានេះផងដែរ។

លោកបានជម្រាបភ្ញៀវថា ក្រោយអគារត្រូវបានរថយន្តបុកឱ្យខូចមក ដែលមិនអាចប្រើបានទាំងស្រុងទេ ព្រោះខ្លាចបាក់ស្រុតដោយប្រការណាមួយ តែលោក ចាន់ សារិន និងអ្នកអាណាព្យាបាលសិស្សពិការ មានក្តីសង្ឃឹម និងជំនឿយ៉ាងមុតមាំថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជួយសាសង់អគារ ៣ ជាន់ ១៨ បន្ទប់សម្រាប់កូនពិការរបស់គាត់ឱ្យបានចូលរៀនក្នុងឆ្នាំ២០២៣នេះមិនខាន ព្រោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ជានិច្ចជាកាល ចាត់ទុកជនពិការជាអទិភាពបំផុតក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ៕