(ភ្នំពេញ)៖ ក្រុមហ៊ុនមេធាវីព្រះខ័ន នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងដល់លោកស្រី ព្រំ លីណា ក្នុងការដោះស្រាយទូទាត់សាច់ប្រាក់ចំនួន១ម៉ឺនដុល្លារ ទៅកាន់ឈ្មោះ មុំ គឹមស៊្រុន ឱ្យបានឆាប់មុនថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ជាកំហិត។

តាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនមេធាវីព្រះខ័ន លោកស្រី ព្រំ លីណា បានពឹងពាក់ឈ្មោះ មុំ គឹមស៊្រុន ឱ្យបំពេញកាតព្វកិច្ចជួយដល់លោកស្រីក្នុងការរត់ការផ្ទេរកម្មសិទ្ធិដីរបស់លោកស្រី ដែលបានលក់មានទីតាំងស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត ដោយឲ្យកូនក្តីខ្ញុំផ្តល់សេវាកម្ម និងសោហ៊ុយរត់ការកសាងពីប្លង់ទន់ឲ្យចេញជាប្លង់កម្មសិទ្ធិដីប្លង់រឹង ដើម្បីប្រគល់ឲ្យទៅភាគីអ្នកទិញ ក្នុងនោះដែរលោកស្រី ព្រំ លីណា បានព្រមព្រៀងប្រគល់ប្រាក់ចំនួន១០,០០០ដុល្លាអាមេរិក ជូនដល់ឈ្មោះ មុំ គឹមស៊្រុន ក្នុងការបំពេញកាតព្វកិច្ចការងារខាងលើនេះ។

នៅពេល មុំ គឹមស៊្រុន បានបំពេញកាតព្វកិច្ចរបស់ខ្លួន បានចប់សព្វគ្រប់ជាស្ថាពរ ដោយការរត់ការផ្ទេរកម្មសិទ្ធិកសាងបណ្ណកម្មសិទ្ធិដីពីប្លង់ទន់ឲ្យចេញជាប្លង់រឹង ជូនលោកស្រី ព្រំ លីណា រួចរាល់ហើយ លោកស្រីក៏បានចេញនូវមូលប្បទានប័ត្រលេខ 681069 ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បើកឲ្យឈ្មោះ មុំ គឹមស៊្រុន មានទឹកប្រាក់ចំនួន១០,០០០ដុល្លារអាម៉េរិក ដល់ឈ្មោះ មុំ គឹមស៊្រុន ប៉ុន្តែនៅពេលគាត់បានយកមូលប្បទានប័ត្រទៅដកសាច់ប្រាក់ខាងលើនេះ ខាងធនាគារបានបញ្ជាក់ប្រាប់ត្រឡប់មកវិញថា មូលប្បទានប័ត្រលេខ 681069 ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ គឺគ្មានសាច់ប្រាក់នោះទេ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនមេធាវីព្រះខ័នទាំងស្រុង៖