(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងរដ្ឋមន្ត្រីចំនួន៥រូបទៀត បានឯកភាពដាក់ផែនការឱ្យក្រសួង ស្ថាប័ន អង្គភាពកងកម្លាំងប្រដាប់អាវុធ និងគណៈអភិបាលខេត្តនានា រួមសហការគ្នាត្រៀមកម្លាំង មធ្យោបាយ និងក្រុមនីតិវិធីដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រានព្រៃ រំលោភយកដីរដ្ឋ។
ការដាក់ផែនការនេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី លើការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច អភិបាលរាជធានី/ខេត្ត និងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។
កិច្ចប្រជុំមានគោលបំណងពិភាក្សាលើការអនុវត្តនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការវិធានការទប់ស្កាត់ និងបង្ក្រាបការឆ្លៀតឱកាសកាប់ទន្ទ្រានព្រៃ រំលោភយកដីរដ្ឋ។
អង្គប្រជុំបានស្នើឱ្យពង្រឹងការអនុវត្តសារាចរលេខ០៥ ជាពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការជំរុញការចុះបញ្ជីដីជាទ្រព្យសម្បត្តិរដ្ឋតាមនីតិវិធីជាធរមាន ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ គាំទ្រធនធានមនុស្ស ថវិកា និងពេលវេលាអង្គប្រជុំបានស្នើក្រសួងយុត្តិធម៌ពង្រឹងវិធានការច្បាប់ បង្ក្រាបបទល្មើស និងពង្រីកការស្រាវជ្រាវបទល្មើស។
អង្គប្រជុំបានស្នើក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមកម្លាំង មធ្យោបាយ និងក្រុមនីតិវិធី ដើម្បីអនុវត្តតាមផែនការនេះ និងផ្ដល់ការឧទ្ទេសនាមមន្ត្រីបង្គោលចូលរួមជាមួយក្រុមការងារនៅក្នុងផែនការ៕