(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ រួមជាមួយពុទ្ធបរិស័ទបានចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី ស្ថិតនៅក្នុងវត្តឥន្ទកុមារ នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ថ្ងៃនេះគឺជាថ្ងៃពិសេសល្អថ្លៃថ្លាសម្រាប់ពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមធ្វើពិធីបុណ្យនេះឡើង ដើម្បីប្រមូលបច្ច័យក្នុងការកសាងពីវត្តអារាមនេះ និងថ្លែងអំណរគុណដល់លោកគ្រូចៅអធិការវត្ត ដែលបានគាំទ្រនិងផ្ដួចផ្ដើមធ្វើពិធីនេះឡើង ដែលជាពិធីបុណ្យទំនៀមទំលាប់របស់ដូនតា។

លោកស្រីបានបន្តថា ប្រសិនបើប្រទេសកម្ពុជាមិនមានសុខសន្តិភាពទេពិធីបុណ្យផ្សេងៗ ក៏មិនអាចកើតមានឡើងបានដែរ ដូច្នេះហើយសូមឱ្យលោកយាយលោកតាអាជ្ញាធរដែនដីត្រូវតែរក្សាឲ្យបាននៅសុខសន្តិភាពនេះដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន ដែលសម្តេចបានពុះពារគ្រប់បែបយ៉ាងដើម្បីរក្សាឲ្យបាននៅសុខសន្តិភាព ហើយសន្តិភាពនេះគឺពុំមានអ្វីដែលអាចយកមកដោះដូរបានឡើយ។

លោកស្រីបន្តទៀតថា ក្រោយថៃ្ងរំដោះ ៧ មករា ១៩៧៩ រហូតសម្រេចបានសមិទ្ធផលជាច្រើនបម្រើដល់សេចក្តីត្រូវការក្នុងផ្នែកពុទ្ធចក្រហើយសម្តេច គឺនៅកៀកជាប់ប្រជាជនកម្ពុជាជានិច្ចបាននាំយកសុខសន្តិភាព រួមសុខរួមទុក្ខរួមដំណើរជាមួយប្រជាពលរដ្ឋទូទាំងប្រទេស តស៊ូពុះពាររហូតទទួលបានស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ និងសូមអំពាវនាវដល់សប្បុរសជនទាំងអស់សូមបន្តរួមគ្នាលើកស្ទួយ និងបន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីភាពរីកចម្រើនរុងរឿងនៃសង្គមជាតិ។

លោកស្រីបញ្ជាក់បន្ថែមថា សមិទ្ធផលទាំងអស់នេះគឺពិតជាបានបង្ហាញពីការរីកចម្រើនជាច្រើនឥតឈប់ឈរក្នុងម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានដាក់ចេញនិងអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្រនិងវិធានការកែទម្រង់មុតស្រួចជាច្រើនសំដៅជំរុញនូវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព។

លោកស្រីបានអំពាវនាវដល់ពលរដ្ឋទាំងអស់ត្រូវត្រៀមលក្ខណៈដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នាដោយជ្រើសរើសថ្នាក់ដឹកនាំមួយដែលមិនរត់ចោលប្រជាពលរដ្ឋ៕