(ព្រះសីហនុ)៖ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលបានគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣ ដើម្បីយកមកសាងសង់ផ្លូវបេតុងក្នុងឃុំចំនួន៥ រួមមាន ឃុំព្រៃនប់ ឃុំទួលទទឹង ឃុំរាម ឃុំអណ្តូងថ្ម និងឃុំជើងគោ។
ឃុំដែលទទួលបានគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់នេះ គឺធ្វើឡើងក្រោយមានការបើកសំណើដេញថ្លៃគម្រោងមូលនិធិរួមគ្នា នៅសាលាស្រុកព្រៃនប់ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការដឹកនាំសម្របសម្រួលពីលោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្ត លោក ឃាង ភារម្យ នាយកទីចាត់ការផែនការវិនិយោគ អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក ក្រុមការងារបច្ចេកទេសខេត្ត គណៈកម្មការលទ្ធកម្មឃុំទាំង៥ និងក្រុមហ៊ុនដែលបានដាក់សំណើដេញថ្លៃមានចំនួន៨ក្រុមហ៊ុន។
លោក ឃាង ភារម្យ នាយកទីចាត់ការផែនការវិនិយោគ នៃសាលាខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣ បានដាក់ឲ្យដំណើរការដេញថ្លៃជាបន្តបន្ទាប់នៅទូទាំងខេត្តព្រះសីហនុ។ ជាក់ស្ដែង នៅព្រឹកនេះ រដ្ឋបាលស្រុកព្រៃនប់មានការបើកសំណើដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣។
ជាលទ្ធផល ឃុំព្រៃនប់ទទួលបានគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ, ឃុំទួលទទឹង បានគម្រោងផ្លូវបេតុងអាមេ២ខ្សែ មានប្រវែង៣៣០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ, ឃុំរាម គម្រោងផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៤៥០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ, ឃុំអណ្តូងថ្ម បានគម្រោងផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង៣៥០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ, ឃុំជើងគោ គម្រោងផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង៤៥១ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ។
ក្នុងនោះម្ចាស់ក្រុមហ៊ុនដែលដេញថ្លៃបានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ឲ្យបានត្រឹមត្រូវទៅតាមប្លង់ដែលបានកំណត់។ ដោយឡែកក្រុមហ៊ុនដែលមិនទទួលបានការដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងអាចទទួលយកបាន។
ជាមួយគ្នានេះ នាយកទីចាត់ការបានផ្ដាំផ្ញើឲ្យក្រុមហ៊ុនទាំងអស់ត្រូវស្ថាបនាផ្លូវទៅតាមស្តង់ដាប្លង់ដែលបានកំណត់ ដើម្បីឲ្យជាប់ល្អ និងប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង និងសូមឲ្យអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ត្រូវដោះស្រាយផលប៉ះពាល់នានារបស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឲ្យដំណើរការនៃការស្ថាបនាផ្លូវបានរលូន និងឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់បានទាន់ពេលវេលា៕