(កណ្តាល)៖ នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្ត​ និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន បានដឹកនាំក្រុមការងារចុះជួយភូមិ ចុះសំណេះសំណាល និងសួរសុខទុក្ខ​បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។

លោកបានពាំនាំការសាកសួរសុខទុក្ខពីសណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចតែងបានគិតគូពីការលំបាក បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងតែងដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។​

លោកប្រធានក្រុមការងារ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា​បំពេញសិទ្ធិជាពលរដ្ឋ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។​

នៅក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានបន្ថែមថាៈ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបាននាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិចាប់តាំងពីថ្ងៃជ័យជម្នះ ៧មករា ដោយកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនជាលំដាប់ ពិសេសបាននាំយកនូវសន្តិភាពពេញបរិបូរណ៍ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ធ្វើអោយប្រជាពលរដ្ឋនៅទូទាំងប្រទេស រស់នៅមានភាពសុខសាន្ត និងមានជីវភាពធូរធា។

លើសពីនេះទៅទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានធ្វើឲ្យមុខមាត់របស់ប្រទេសកម្ពុជាលេចត្រដែតនៅលើឆាកអន្តរជាតិ តាមរយៈការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ បានដោយជោគជ័យ ហើយថ្មីៗនេះ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងព្រឹត្តិការណ៍កីឡាអាស៊ីអគ្នេយ៍លើកទី៣២ នៅកម្ពុជា បានបង្ហាញឲ្យពិភពលោកបានឃើញនូវកិត្យានុភាពជាតិកម្ពុជា៕