(កំពត)៖ លោក នេត្រ ភក្ត្រា​ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ ខេត្តកំពត​ បានលើកឡើងថា ការអញ្ជើញទៅបោះឆ្នោត គឺការចូលរួមគាំទ្រដំណើរការប្រជាធិបតេយ្យ និងលើកតម្កើងការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ប្រជាជនកម្ពុជា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោតដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំគ្រប់គ្រងប្រទេស ថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ការលើកឡើងរបស់លោក នេត្រ ភក្ត្រា​ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣អំឡុងពេលនៃកិច្ចប្រជុំត្រួតពិនិត្យការងារបក្សនៅសង្កាត់កោះតូច ក្រុងបូកគោ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តសមាជិកសមាជិកាបក្សបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈព្រោះអំពើល្អដែលគណបក្សប្រជាជនកម្ពុជា ជាពិសេសការលះបង់សព្វបែបយ៉ាងរបស់ថ្នាក់ដឹកនាំគណបក្សជាពិសេសការយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំបក្សផ្សេងទៀត រួមនឹងការដាក់ចុះនូវគោលនយោបាយដ៏ត្រឹមត្រូវនិងជាក់ស្តែង មានភាពចាស់ទុំនយោបាយ ពុះពារគ្រប់ឧបសគ្គ រស់នៅជាមួយប្រជាពលរដ្ឋ បម្រើបុព្វហេតុជាតិនិងប្រជាជនពិតប្រាកដ គឺជាមូលដ្ឋាននៃការផ្តល់ជំនឿទុកចិត្ត ការជឿជាក់ ការគោរពស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំបក្ស។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែនៅជាប់នឹងប្រជាជនជានិច្ចគ្រប់ពេលវេលាទាំងអស់។

ជាមួយគ្នានេះ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញ ទៅបោះឆ្នោតឱ្យបានច្រើនដើម្បីអនុវត្តសិទ្ធិនិងគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការបោះឆ្នោត និងកុំជឿតាមការញុះញង់របស់ក្រុមជនអគតិ និងក្រុមជនក្បត់ជាតិ ៣ជំនាន់ ដែលមានចេតនាទុច្ចរិតបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសុខសន្តិភាពនៅកម្ពុជា។

លោកបានលើកឡើងថា «យុទ្ធនាការរបស់ក្រុមជនអគតិមួយចំនួននាពេលកន្លងមក មិនឱ្យពលរដ្ឋទៅបោះឆ្នោតគឺជាដំណើរការប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងជាការរំលោភបំពានលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀលទៅ ២០លានរៀលដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណាដែលតាមមធ្យោបាយទុច្ចរិតដូចជា រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត, ធ្វើឱ្យភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត, បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន»

ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កោះតូច និងសមាជិកសមាជិកនៃគណៈកម្មាធិការបក្សសង្កាត់កោះតូចទាំងអស់បានប្រកាសប្តេជ្ញាចិត្ត ដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជាបេក្ខភាពនាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត។

លោក នេត្រ​​ ភក្ត្រា បានគូសបញ្ជាក់ជូនសមាជិកសមាជិកាគណបក្សសង្កាត់កោះតូចថា ដើម្បីថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស យើងចាំបាច់ត្រូវរួមគ្នាគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ហើយការអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បោះជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១៨ នៃសន្លឹកឆ្នោតសញ្ញាទេវតាបាចផ្កា គឺជាការចូលរួមពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​ និងជាពិសេសគឺបោះឆ្នោតដើម្បីការពារសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ហើយប្រឆាំងដាច់ខាតក្រុមជនក្បត់ជាតិដែលព្យាយាមបំផ្លាញសន្តិភាពដែលរកបានដោយលំបាកនេះ៕​