(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ចាក់ការសិក្សាជំនាន់ទី១៤ សម្រាប់ឆ្នាំសិក្សា ២០១៥- ២០១៦ ដល់ក្នួយៗសិស្សានុសិស្ស នៃសាលាសណ្ឋាគារ សាលាបាយ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី និងដៃគូអភិវឌ្ឍន៍ ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសិក្ខាកាមប្រមាណជាង២០០នាក់។
ក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានអបអរសារទរសិស្សានុសិស្សជ័យលាភីនៃ វគ្គសិក្សាជំនាន់ទី១៤នេះ មានចំនួន១០៧នាក់ (ក្នុងនោះមានសិស្សស្រីចំនួន៧៣នាក់ និងសិស្សគថ្លង់ចំនួន៣នាក់) ដែលសុទ្ធសឹងតែជាសិស្សក្រីក្រ និងត្រូវបានជ្រើសរើស ដោយសាលាផ្ទាល់ ចំពោះការខិតខំយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រ ក្នុងរយៈពេលមួយឆ្នាំសិក្សា លើជំនាញចំនួន៤ គឺការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ គេហ-កិច្ច ចុងភៅ និង ថែទាំសម្ភស្ស រហូតទទួលបានលទ្ធផល ជោគជ័យជាមោទននាថ្ងៃនេះ។
លោករដ្ឋមន្រ្តីក៏បានថ្លែង កោតសរសើរដល់សាលាសណ្ឋាគារ សាលាបាយ និងបណ្តាដៃគូ អភិវឌ្ឍន៍និងម្ចាស់ជំនួយ ដែលបានគាំទ្រដល់សាលា និងចូលរួមចំណែកយ៉ាងផុសផុស ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ឲ្យ មានជំនាញវិជ្ជាជីវៈពិតប្រាកដ ដែលរហូតមកទល់បច្ចុប្បន្នមានសិស្សានុសិស្សប្រមាណ ១២៣៧នាក់ ចាប់ពីឆ្នាំ ២០០២ ហើយពួកគាត់ទទួល បានការងារស្ទើរតែទាំងអស់ក្នុងវិស័យ ទេសចរណ៍។
លោករដ្ឋមន្ត្រី ថោង ខុន បានចាត់ទុកថា សកម្មភាពទាំងនេះ គឺពិតជាឆ្លើយតបនឹងការវិវត្តន៍ ក្នុងដំណាក់កាលសមាហរណកម្មតំបន់ និងសកលភាវូបនីយកម្ម និងសំដៅរួមចំណែកសម្រេច បាននូវផែនការយុទ្ធសស្ត្រអភិវឌ្ឍទេសចរណ៍កម្ពុជា ២០១២-២០២០ និងផែនការយុទ្ធសស្ត្រអភិវឌ្ឍ ទេសចរណ៍អាស៊ានឆ្នាំ ២០១៦-២០២៥។
សិស្សានុសិស្សក៏បានបេ្តជ្ញាចិត្ត ខិតខំយកចំណេះដឹងជំនាញ ទៅប្រកបវិជ្ជាជីវៈប្រកបដោយភាពស្មោះត្រង់ ការទទួលខុសត្រូវ ការជឿជាក់ ការចែករំលែក និងភាពស្មោះត្រង់រួមចំណែក ក្នុងការពង្រឹងសេវាកម្ម ទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព។
ក្រោយពីបានបញ្ចប់ការសិក្សា ជាមួយជំនាញដែលទទួល បានប្រកបដោយគុណភាពនេះ សិស្សានុសិស្សមានលទ្ធភាព និងឱកាសទទួលបានការងារក្នុងអត្រា១០០% លើទីផ្សារការងារនៃឧស្សាហកម្ម ទេសចរណ៍នៅកម្ពុជា។ ក្រសួងទេសចរណ៍ក៏សំដែងការកើតសរសើរ ដល់ប្រតិបត្តិករទេសចរណ៍ជាដៃគូ (សណ្ឋាគារចំនួន១៥) ដែលបានទទួលយកសិស្ស ដែលបានបញ្ចប់ការសិក្សាពីសាលា៕