(កណ្តាល)៖ ប្រជាពលរដ្ឋសង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ និងសង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល សប្បាយរីករាយដែលបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ពីក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ។ ប្រជាពលរដ្ឋដែលមកទទួលប័ណ្ណកម្មសិទ្ធិ បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រុមការងារដែលបានខិតខំអនុវត្តការងារចុះបញ្ជីតាមនីតិវិធីរហូតដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋ។

ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ អនុវត្តតាមអនុសាសន៍របស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល, លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និងលោក ចាន់ តារា អភិបាលក្រុង រួមជាមួយលោកអភិបាលរង មន្ត្រីសាលាក្រុង និងលោក សូរ ច័ន្ទរិទ្ធិ ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុងអរិយក្សត្រ និងមន្រ្តីក្រោមឱវាទ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (សម្រាប់ដីអំណោយ ដីប្រទានកម្ម និងដីសន្តតិកម្ម) ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន៨៥គ្រួសារ ស្ថិតនៅភូមិតេជោ។

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានឱ្យដឹងថា សម្រាប់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (សម្រាប់ដីអំណោយ ដីប្រទានកម្ម និងដីសន្តតិកម្ម) នឹងត្រៀមចុះចែកជូនប្រជាពលរដ្ឋនៅសង្កាត់ទាំង៣ខាងលើមានចំនួនប្រមាណ៨០៩ក្បាលដី នៅក្នុងយន្តការនេះ និងត្រៀមរៀបចំនីតិវិធី ចែកបន្តជាហូរហែទៀត ក្រោមការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក គង់ សោភ័ណ្ឌ៕